(ភ្នំពេញ)៖ លោក សូរ៉ាត ហ្សាគៀរ (Shohrat Zakir) អនុប្រធានគណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃសភាតំណាង​ប្រជាជ​ន​ចិន ប្រកាសប្រឹងប្រែងធ្វើការជិតស្និទ្ធជាមួយ​សភា​កម្ពុជា ក៏ដូចជាមន្ត្រីរដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការផ្នែក​សេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ស្របតាមស្មារតីនៃចំណងទំនាក់ទំនងដ៏ស៊ីជម្រៅនៃប្រទេសទាំងពីរ។

មន្ត្រីជាន់ខ្ពស់សភាប្រជាជនចិន បានគូសរំលេចបែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ លោក សូរ៉ាត ហ្សាគៀរ ជម្រាបសម្តេចធិបតីពីការកត់សម្គាល់​របស់​លោក​ពេលទស្សនកិច្ចនៅកម្ពុជា គឺបានមើលឃើញថា កម្ពុជា ជាពិសេស រាជធានីភ្នំពេញ​មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភាពស្រស់ស្អាត។​

លោកអនុប្រធានគណៈកម្មាធិការអិចន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ក៏បានជម្រាប​សម្តេចធិបតីអំពីលទ្ធផលនៃជំនួបប្រកបដោយផ្លែផ្កាជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាផ្នែកនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។ បន្ថែមពីលើនេះ លោក សូរ៉ាត ហ្សាគៀរ ក៏បានបញ្ជាក់ថា ចិន-កម្ពុជា គឺជា​មិត្ដ​ដ៏ជិតស្និទ្ធ មិត្តពិតប្រាកដ និងទុកចិត្តគ្នា ហើយតាមរយៈការពង្រឹងទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ចំណងមិត្តភាព​រវាង​ប្រទេសទាំងពីរ បានប្រែក្លាយទៅជាមិត្តដែកថែប ដែលមិនអាចបំបែកបាន និង​កាន់​តែជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួមចិន-កម្ពុជា ក្នុង​យុគសម័យថ្មី ឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ ប្រកបដោយ​គុណភាព កម្រិត និងស្ដង់ដារខ្ពស់ផងដែរ។

លោក សូរ៉ាត ហ្សាគៀរ ក៏បានជម្រាបសម្តេចធិបតីផងដែរថា ដំណើរ​ទស្សនកិច្ច​របស់​លោកនៅកម្ពុជានាពេលនេះ គឺដើម្បីរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ចំពោះលោក សូរ៉ាត ហ្សាគៀរ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិភាក្សា​រវាង​សម្តេចមហារដ្ឋសភាធិការធិបតី និងលោក សូរ៉ាត ហ្សាគៀរ ក្នុងការបន្តពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ដែរថា ក្នុងទំនាក់ទំនងរវាងកម្ពុជា-ចិន រយៈពេលជិត​​ ៧០ឆ្នាំ ប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងក្លាយ​ជាមិត្ត​ដែកថែប ព្រម​ទាំ​ង​បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចធិបតី បានថ្លែង​អំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែក​ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន ហើយរាជរដ្ឋា​ភិ​បាល​នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

មុននឹងបញ្ចប់កិច្ចពិភាក្សានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក សូរ៉ាត ហ្សា​គៀរ ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិ​ការ​លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទេសចរណ៍ អប់រំ ការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ការធ្វើទំនើប​កម្ម​វិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ពង្រីកការនាំចេញផលិតផលកសិកម្មកម្ពុជា ​ទៅ​ប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិ​បត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ព្រមទាំងការបន្តពង្រឹងកិច្ចសហប្រតិបត្តិ​ការ​ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាតំបន់ និងសកលលោកផងដែរ៕