(អាល្លឺម៉ង់)៖ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ​ឆ្នាំ២០២៤ នៅទីក្រុងឡែបហ្សិក ប្រទេសអាល្លឺម៉ង់ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក យ៉ាង លី អនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែ​គាំទ្រ​ និង​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​របស់​កម្ពុជា និយាយជារួម និងនិយាយដោយឡែកលើវិស័យសាធារណការ និងដឹកជញ្ជូន ដែលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទទួលបន្ទុកផ្នែកដឹកជញ្ជូននៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងជាបន្តបន្ទាប់។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ប៉េង ពោធិ៍នា លោក យ៉ាង លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលចិន និង​ផ្តល់ឱកាសដល់ក្រុមហ៊ុនចិន ក្នុងការវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ព្រមទាំងជួយសម្របសម្រួល ដល់អ្នកជំនាញការរបស់ចិន ដែលបំពេញការងារនៅកម្ពុជា។

លោក យ៉ាង លី បានបន្តថា ភាគីចិនត្រៀមខ្លួនជាស្រេច ក្នុងការបន្តជួយគាំទ្រកម្ពុជា ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការអភិវឌ្ឍធនធានមនុស្ស។

ភាគីទាំងពីរ បានយល់ស្របគ្នាថា វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក គឺជាកម្លាំងចលករដ៏សំខាន់ក្នុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនចិន នឹងបន្តកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យវិស័យនេះ កាន់តែមានភាពរីកចម្រើន៕