(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេសទាំងអស់ដែលមកណែនាំកម្ពុជា សូមកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់ ផ្ទុយទៅវិញគួរតែប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតីនាយករដ្ឋមន្ត្រីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ដែលបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការឃាត់ខ្លួនមេបក្សកម្លាំងជាតិ លោក ស៊ុន ចន្ទី ដោយសារតែការផ្សាយបំភ្លៃពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម។ ប្រជាពលរដ្ឋ៤លាន៧សែននាក់ដែលទទួលផលពីកម្មវិធីជាតិជំនួយសង្គម ត្រូវបានអនុវត្តដោយតម្លាភាព មិនមែនអនុវត្តសម្រាប់តែបក្ខពួក ឬសាច់ញាតិរបស់អភិបាលខេត្ត សាច់ញាតិមន្ត្រីរាជការ ដូចការមូលបង្កាច់របស់លោក ស៊ុន ចន្ទី លើកឡើងនោះទេ។

សម្ដេចធិបតីបានរំឭកដែរថា ប៉ុន្មានថ្ងៃនេះ នៅប្រទេសអាល្លឺម៉ង់ មានការប្ដឹងមនុស្សម្នាក់ដែលចោទរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់តាមបណ្ដាញសង្គម X ថា លោករដ្ឋមន្ត្រីជាឧក្រិដ្ឋជន ដោយសារតែមិនបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែនដើម្បីទប់ទល់នឹងរុស្ស៉ី។ សម្ដេចធិបតីទាញហេតុផលថា «បើប្រទេសលោកសេរីអនុវត្តច្បាប់បាន ប្រទេសកម្ពុជាក៏អនុវត្តច្បាប់បានដូចគ្នាដែរ»

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើមិត្តបរទេសកុំដាក់សម្ពាធរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តច្បាប់លើបុគ្គលដែលល្មើសច្បាប់ តែគួរតែប្រាប់ទៅក្រុមប្រឆាំងកុំឱ្យប្រព្រឹត្តខុសច្បាប់។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់មិត្តបរទេសទាំងអស់ដែលមកណែនាំកម្ពុជា កុំប្រើច្បាប់ដើម្បីបិទសំឡេង តែគួរណែនាំអ្នកធ្វើខុសច្បាប់កុំឲ្យរំលោភច្បាប់»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រសេរីភាពនៃការបញ្ចេញមតិ តែក៏ត្រូវអនុវត្តច្បាប់ចំពោះការបំភ្លៃ ចោទប្រកាន់ បង្កើតចលាចលវឹកវរក្នុងសង្គមដែរ។

សម្ដេចធិបតីបន្ថែមទៀតថា អ្នកនយោបាយត្រូវមានស្ដង់ដា ត្រូវមានក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ជាងប្រជាពលរដ្ឋ មិនអាចចេះតែដើរនិយាយរញ៉េរញ៉ៃអីចឹងទេ ព្រោះនាំឲ្យពុលសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ករណីលោក ស៊ុន ចន្ទី មិនមែនទើបតែរិះគន់រដ្ឋាភិបាលក្នុងពេលឥឡូវនេះទេ គឺគាត់រិះគន់រាជរដ្ឋាភិបាលរហូតមក ក្រោមហេតុផលជាវេទិកាសេរី តែមិនត្រូវប្រឌិតរឿងដើម្បីកេងចំណេញនយោបាយ បង្កើតឲ្យមានភាពវឹកវរឡើយ។ ដូច្នេះការអនុវត្តច្បាប់ចំពោះលោក ស៊ុន ចន្ទី រូបនេះ គឺជាការអនុវត្តវិធានការច្បាប់ ដើម្បីការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល៕