(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា ឲ្យតែប្រទេសរីកចម្រើន តម្លៃថ្លៃសេវាសុខាភិបាល ក៏ត្រូវតែឡើងថ្លៃដែរ ទៅតាមការធ្វើទំនើបកម្មសេវា ប៉ុន្តែត្រូវរកវិធីទប់កុំឲ្យលុយប្រជាពលរដ្ឋ ចេញពីហោប៉ៅខ្ពស់ពេក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឲ្យអនុវត្ត ជាផ្លូវការផែនទីបង្ហាញ ផ្លូវ ឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសរីកចម្រើន ជីវភាពក៏ឡើង ហើយតម្លៃថ្លៃនៃសេវាសុខភាពក៏ឡើងដែរ វាត្រូវតែចឹង ថ្លៃនៃការថែទាំសុខភាព និងឡើងជៀសមិនផុត ព្រោះពេទ្យត្រូវវិនិយោគ ទៅលើឧបករណ៍ដែលមានថ្លៃ ហើយថ្នាំក៏កាន់តែថ្លៃ, ទៅលើសេវាពេទ្យដែលកាន់តែថ្លៃ, បុគ្គលិកក៏កាន់តែថ្លៃ ដើម្បីផ្តល់សេវា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សេវាត្រូវតែឡើង ជៀសមិនផុតទេ បើមិនអ៊ីចឹងពេទ្យ មិនអាចយកលទ្ធភាពទៅទិញថ្នាំ ទិញឧបករណ៍វិនិយោគ ដើម្បីបានសេវាល្អទេ វាត្រូវតែឡើង ប៉ុន្តែអ្វីដែលត្រូវធានា គឺការចេញពីហោប៉ៅរបស់ប្រជាជន កុំឲ្យឡើងខ្ពស់ពេក។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រព័ន្ធគាំពារសង្គម ដែលកម្ពុជាកំពុងតែរៀបចំរាល់ថ្ងៃនេះ គឺដើម្បីព្យាករទៅអនាគត បានន័យថា ពេលដែលតម្លៃការថ្លៃឡើង ទៅរករូបមន្តណា ដើម្បីឲ្យប្រជាជនចេញពីហោប៉ៅយ៉ាងច្រើនបំផុត ត្រឹម៣៥% តាមរយៈការបង្កើតកម្មវិធី និងរូបមន្តផ្សេងៗ ដែលបានដាក់ចេញដូចជា៖ របបសន្តិសុខសង្គម ប.ស.ស បដិភាគ ជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងមិនអាចហាម មិនឲ្យតម្លៃថ្លៃ ការផ្តល់សេវាសុខាភិបាលកើនទេ ចឹងទាល់តែយើងព្រមទទួលថា មិនឲ្យគុណភាពកើន តែយើងត្រូវធ្វើយ៉ាងម៉េចធានាថា ការចំណាយចេញពីហោប៉ៅរបស់ប្រជាពលរដ្ឋ ត្រូវមានអ្វីជួយប៉ះប៉ូវគាត់ ឲ្យគាត់បានទទួលលទ្ធភាព ទទួលសេវាថ្លៃ តែបង់ថោក នេះគឺជាអ្វីដែលយើង ដាក់ចេញផែនទីបង្ហាញផ្លូវថ្ងៃនេះ គឺសម្រាប់អនុវត្ត»

សូមជម្រាបថា ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) ជាការប្តេជ្ញារបស់ប្រទេសនានា ក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។

ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។

ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់រំលេច គ.ស.ស. ជាធាតុស្នូលនៅក្នុងឯកសារយុទ្ធសាស្ត្រ និងគោលនយោបាយជាតិនានា ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣, ផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០០៨-២០១៥ និង ២០១៦-២០២០, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, និងក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣៕