(កំពង់ធំ)៖ លោក ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវានៃការចងចាំ នៅបរិវេណវត្តសិរីមង្គល ហៅវត្តកំពង់ជ្វា និងមានការចូលរួមពីលោក ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថិតក្នុងភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

នាឱកាសនោះលោក ឃឹង នុភាព បានលើកឡើងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់ៗរូប បានចងចាំនឹងមិនអាចបំភ្លេចបានឡើយនូវរបបប្រល័យពូជសាសន៍ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ការប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើង ដើម្បីរំលឹកដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់អាយុជីវិត និងទទួលរងទារុណកម្មយ៉ាងឈឺចាប់ខ្លោចផ្សារ ព្រៃផ្សៃ សាហាវយង់ឃ្នងពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍នេះ។

លោក ឃឹង នុភាព បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហមបានប្រកាសជាចំហនូវគោលនយោបាយដឹកនាំប្រទេសមហាអស្ចារ្យ មហាលោតផ្លោះដ៍ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀសប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុងនូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោលរូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករ ធ្វើការរួម-ហូបរួមគ្នានៅទូទាំងប្រទេសជាដើម។

ជាងនេះគោលនយោបាយ នៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាពសព្វបែបយ៉ាង។ ចាប់ពីថ្ងៃដែលពួកគេបានឡើង គ្រប់គ្រងប្រទេសពីថ្ងៃ ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានបង្កជាសោកនាដកម្មដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែររស់នៅក្នុងសមុទ្រទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោក ឃឹង នុភាព បានសង្កត់ធ្ងន់ថា សូមប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាព របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ  ដែលយើងទទួល បាន ដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្រ្គាម និងរបបប្រល័យពូជសាសន៍វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងជាងនេះថែមទៀត៕