(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានចាត់ឱ្យលោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ ដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់សរុប ១១គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ។

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នោះ បានកើតឡើងកាលពីម៉ោង ៤រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ដែលពេលនោះមានខ្យល់កន្ត្រាក់បក់គួចយ៉ាងខ្លាំងធ្វើឱ្យផ្ទះ១១ខ្នងក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ត្រូវរងការខូចខាត របើកស័ង្កសី និងរបើកក្បឿងក្នុងនេះមានផ្ទះ៣ខ្នង រងការខូចខាតកម្រិតធ្ងន់ ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដំបូលធ្លាក់ដល់ដី និងផ្ទះ ៨ខ្នងទៀត រងការខូចខាតកម្រិតស្រាល ប៉ុន្តែមិនបានប៉ះពាល់ដល់ជីវិតប្រជាពលរដ្ឋនោះទេ។

ស្ថិតក្នុងឱកាសនោះលោកស្រី ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ។ លោកស្រីបានផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោកតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះជួយសម្រាលទុក្ខលំបាកទាន់ពេលវេលាតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោកស្រី អនុប្រធានអចិន្ត្រៃយ៍សាខា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ចៀសឱ្យផុតពីគ្រោះថ្នាក់ ដល់រាងកាយ និងអាយុជីវិត ។ ម្យ៉ាងទៀតត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ។

ក្នុងការរស់នៅត្រូវអនុវត្តវិធានការអនាម័យស្អាត៣យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ តាមទិសស្លោក «ស្រឡាញ់ខ្លួន អោយស្ងួនចំណី» និងសូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ដែលកំពុងប្រែប្រួលកើនកម្តៅយ៉ាងខ្លាំងផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាពេលនោញមានដូចជា ពលរដ្ឋរងគ្រោះកម្រិតធ្ងន់ទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា ៤០០,០០០រៀល ។ ដោយឡែកពលរដ្ឋរងផលប៉ះពាលកម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០រៀល៕