(ភ្នំពេញ)៖ ថ្ងៃទី១៥កើត ខែវិសាខ គឺជាថ្ងៃនៃពិធីបុណ្យដ៏ធំមួយរបស់ព្រះពុទ្ធសាសនា ដែលត្រូវពុទ្ធសាសនិកហៅថា «បុណ្យវិសាខបូជា»។ វិសាខបូជា គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ព្រោះជាការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យពុទ្ធកាល។ ព្រឹត្តិការណ៍ធំៗទាំង៣នោះរួមមាន៖ ថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ទ្រង់បានត្រាស់ដឹង និងបរិនិព្វាន។

ដោយសារកម្ពុជា ជាប្រទេសកាន់សាសនាព្រះពុទ្ធជាគោល ហេតុនេះហើយប្រជាពលរដ្ឋកម្ពុជា បានចាត់ទុក «បុណ្យវិសាខបូជា» គឺបុណ្យដ៏សំខាន់មួយ និងជំរុញឱ្យមានការចូលរួម ក្នុងពិធីបុណ្យនេះឱ្យច្រើនកុះករ មិនថាចាស់ ឬក្មេងនោះទេ។

យ៉ាងណាមិញគេសង្កេតឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនកម្ពុជា ហាក់មានការចាប់អារម្មណ៍ច្រើន ទៅលើពិធីបុណ្យផ្សេងក្នុងសាសនាព្រះពុទ្ធ។ ជាក់ស្តែង ពិធី«បុណ្យវិសាខបូជា» ដែលប្រារព្ធធ្វើឡើងនៅតាមបណ្តាវត្តនានា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា​មានយុវជនចូលរួមយ៉ាងច្រើនកុះករ​។ ជាក់ស្តែង នៅវត្តនិគ្រោធវ័ន ហៅ «វត្ដគល់ទទឹង» គេសង្កេតឃើញមានយុវជនយ៉ាងច្រើ​នបានចូលរួមពិធីបុណ្យនេះ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។

ស្ថិតក្នុងសម្លៀកបំពាក់អាវស សំពត់ខ្មៅ និងមានសភាពសើមជោគដោយសារឈរក្រោមដំណកទឹកភ្លៀង ​កញ្ញា រឿន ស្រីខួច ដែល​បានចូលរួមពិធី«បុណ្យវិសាខបូជា»នៅវត្តគល់ បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលកញ្ញាបានចូលរួមបុណ្យវិសាខបូជា នៅវត្តនិគ្រោធវ័ន ហៅ «វត្ដគល់ទទឹង» ​។ នៅឆ្នាំនេះ កញ្ញាសង្កេតឃើញថា មានការចូលរួមពីពុទ្ធបរិស័ទច្រើនជាងឆ្នាំមុន ​​ដែលអាចមកពីពួកគាត់មានការយល់ដឹងច្រើនអំពីព្រះពុទ្ធសាសនា។ កញ្ញាបានបន្ដថា «មិនថាតែសាសនាបែបអឺរ៉ុប ឬសាសនាព្រះពុទ្ធនោះទេ គឺ​តែងតែបង្រៀនមនុស្សឱ្យធ្វើតែអំពើល្អ និងធ្វើឱ្យមនុស្សស្គាល់បុណ្យស្គាល់បាបដែរ។ អីចឹងចង់ឱ្យប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាយុវជនដែលក្មេងៗ ចូលរួមកវិធីបែបព្រះពុទ្ធសាសនា ឱ្យបានច្រើន»។

ចំណែកឯកញ្ញា ឌុច ម៉ាលីដេត ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលមកចូលរួមជាមួយមិត្តភក្តិពីរនាក់ទៀត បាននិយាយថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យធំមួយនៅកម្ពុជា ហើយបុណ្យវិសាខបូជានេះ ជាថ្ងៃដែលព្រះពុទ្ធ ទ្រង់ ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន។ កញ្ញាបានបន្ដថា «ឆ្នាំនេះ មានយុវជនជាច្រើន មិនថាក្មេង ឬចាស់ គឺពួកគាត់មានការចូលរួមច្រើន និងរួមគ្នាដើម្បីផ្សព្វផ្សាយវប្បធម៍របស់យើង ទៅកាន់ទូទាំងប្រទេស ឱ្យយើងមានជំនឿថា យើងជាកូនខ្មែរ ត្រូវ​គោរពព្រះពុទ្ធសាសនា»។

រីឯកញ្ញា ទិត្យ ឆពុម្ព បានបន្ថែមថា ការស្ដាប់ធម៌ ការ​ធ្វើបុណ្យនៅវត្ដ ​បានធ្វើឱ្យមនុស្សមានអារម្មណ៍ជ្រះថ្លា សប្បាយរីករាយ ​និងមានការស្ងប់ច្រើន ហើយវាជាជំនឿមួយដែលដូនតាខ្មែរបានបន្សល់ទុកទាំងពីរបុរាណ។ កញ្ញាសង្កេតឃើញថា បច្ចុប្បន្ននេះ ​យុវជនភាគច្រើន ​បានចាប់អារម្មណ៍ព្រះពុទ្ធសាសនាច្រើនជាង សាសនាបរទេស។ កញ្ញាក៏បានសំណូមពរឱ្យយុវជន រួមគ្នាផ្សព្វផ្សាយព្រះពុទ្ធសាសនារបស់យើង ជាជាងផ្សាព្វផ្សាយសាសនារបស់គេ។

ពីមួយឆ្នាំទៅមួយឆ្នាំ យុវជនកម្ពុជា មានការចាប់អារម្មណ៍ច្រើនលើពិធីបុណ្យបែបព្រះពុទ្ធសាសនា ដែលខុសកាលពីមុន ការមកចូលរួមពិធីបុណ្យនានានៅតាមវត្តមានតែមនុស្សចាស់ប៉ុណ្ណោះ។ នេះបើតាមលោកយាយដែលបានសុំសីលនៅវត្តនៅវត្តគល់ទទឹង អស់រយៈពេល១០ឆ្នាំ។

លោកយាយបង្ហាញអារម្មណ៍រីករាយ ដែលបច្ចុប្បន្ននេះ យុវជនកម្ពុជា យល់ដឹង និងចូលរួម​បុណ្យបែបពុទ្ធសាសនា ដើម្បីរួមគ្នាផ្សព្វផ្សាយសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ៕