(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បា​នទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ាង យូស៊ីង (Yang Youzing) អនុប្រធានសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ (All-China Federation of Industry and Commerce) ក្នុងឱកាសដែល លោកបំពេញទស្សនកិច្ចនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជា ដែលដឹកនាំដោយលោក យ៉ាង យូស៊ីង និងបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ ដែលបានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ។ ហេតុនេះជំនួបពិភាក្សានាពេលនេះ នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិ រវាងស្ថាប័នទាំងពីរ ក្នុងការជួយជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា។

អ្នកឧកញ៉ាប្រធាន បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ហើយថ្មីៗនេះ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលប្រទេសទាំងពីរបានប្តេជ្ញាសម្រេចឲ្យបាននូវវិបុលភាពរួម និង ផ្តោតជាសំខាន់លើការអភិវឌ្ឍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាពចំនួន៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

អ្នកឧកញ៉ាប្រធាន បានជម្រាបជូនគណៈប្រតិភូចិនអំពីកំណើនសេដ្ឋកិច្ច កាលនុវត្តភាព និងបច្ចុប្បន្នភាពនៃវិស័យសក្តានុពលកម្ពុជា និងបានជំរុញលើកទឹកចិត្តវិនិយោគិនចិន បណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលជាទីតាំងដ៏សមស្របបំផុត សម្រាប់ការវិនិយោគ។ កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ កម្លាំងពលកម្មវ័យក្មេង ថ្លៃដើមមានលក្ខណៈប្រកួតប្រជែង មានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន មានទីផ្សារធំទូលាយនៅទូទាំងពិភពលោក និងមានបរិយាកាសធុរកិច្ចល្អប្រសើរ។

លោក យ៉ាង យូស៊ីង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលចានទទួលជួបពិភាក្សាកាងារជាមួយ គណៈប្រតិភូសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។

លោកអបអរសាទរ ចំពោះកិច្ចប្រតិបត្តិការល្អរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់ និងបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ របស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោកបានលើកឡើងអំពីចំណងមិត្តភាពដែកថែបកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់ និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។

លោកក៏បានជម្រាបជូន អំពីកំណើនសេដ្ឋកិច្ចចិន និងការចូលរួមរបស់សហគ្រាសចិន ក្នុងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មចិនទាំងអស់ បង្កើតឡើងនៅឆ្នាំ១៩៥៣ និងមានសមាជិកជាក្រុមហ៊ុនឈានមុខនៅប្រទេសចិន។
ដោយឡែកគណៈប្រតិភូ ដែលមកបំពេញធុរកិច្ចនៅកម្ពុជានាពេលនេះ គឺមានចំណាប់អារម្មណ៍លើទីផ្សារ និងគោលនយោបាយលើកទឹកចិត្ត វិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុនទាំងនោះ ស្ថិតក្នុងវិស័យថាមពល រ៉ែ សំណង់ បច្ចេកវិទ្យា ផលិតកម្ម អចលនទ្រព្យ អភិវឌ្ឍន៍ធនធានមនុស្ស អេឡិចត្រូនិក កាត់ដេរសម្លៀកបំពាក់ សម្ភារៈកីឡា និងកសិកម្ម។

ភាគីទាំងពីរបានឯកភាព និង កំណត់នូវក្របខណ្ឌកិច្ចសហប្រតិបត្តិការរួម ក្នុងការជំរុញទំនាក់ទំនង
ធុរកិច្ច។ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំទស្សនកិច្ចធុរកិច្ចទៅកាន់ប្រទេសចិន ក្នុងពេលសមស្របខាងមុខ និងពិភាក្សាលម្អិតជាមួយ សហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មចិនទាំងអស់។ កិច្ចពិភាក្សាបានបញ្ចប់ទៅប្រកបដោយ
លទ្ធផលជាផ្លែផ្កា ក្នុងបរិយាកាសស្និទ្ធស្នាលជាភាតរៈ៕