(អាល្លឺម៉ង់)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ក្រោមការដឹកនាំរបស់លោក Marius Skuodis រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ នៃសាធារណរដ្ឋលីទុយអានី ដែលជាប្រធានប្តូរវេន។

កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីដឹកជញ្ជូន គឺជាកិច្ចប្រជុំដ៏សំខាន់ នៃវេទិកាជញ្ជូនអន្តរជាតិដែលប្រព្រឹត្តទៅមួយឆ្នាំម្តង ដើម្បីពិនិត្យទៅលើការវិវត្តិនៃវិស័យដឹកជញ្ជូននៅក្នុងសាកលលោក។ កិច្ចប្រជុំឆ្នាំនេះប្រព្រឹត្តទៅក្រោមប្រធានបទ ការដឹកជញ្ជូនបៃតងនិងមានរបៀបវារៈចំនួន ៥៖ (១) ពិនិត្យវឌ្ឍនភាពការងាររបស់ ITF ដែលបានអនុវត្តនាឆ្នាំកន្លងមក, (២) រៀបចំ និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តបន្ត, (៣) កំណត់ទិសដៅ និងយុទ្ធសាស្រ្តក្នុងកែលម្អវិស័យដឹកជញ្ជូន និងគំនិតផ្តួចផ្តើមថ្មីៗសំដៅកែលម្អបម្លាស់ទី (Mobility) , (៤) កៀរគរការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍, អង្គការអន្តរជាតិ និងវិស័យឯកជន និង (៥) អនុម័តសមាជិកភាពថ្មី របស់ ITF។

អង្គប្រជុំក៏បានផ្តោតការពិភាក្សាលើការរួមចំណែករបស់វិស័យដឹកជញ្ជូនក្នុងការរក្សានិរន្តរភាពបរិសា្ថន និងផលប៉ះពាល់លើអាកាសធាតុ សុខភាព និងភូមិសាស្រ្តនយោបាយ។ ជាការកត់សម្គាល់ប្រទេសជាសមាជិកទាំងអស់ទទួលស្គាល់ថាសុវត្ថិភាពចរាចរណ៍គីជាប្រធានបទដ៏សំខាន់ ហើយរដ្ឋាភិបាលនៃប្រទេសទាំងអស់កំពុងបន្តរួមគ្នាធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថា្នក់ចរាចរណ៍នៅក្នុងប្រទេសឱ្យបានជាអតិបរមា។

ជាលទ្ធផលកិច្ចប្រជុំបានពិភាក្សា និងអនុម័តលើឯកសារសំខាន់ៗ រួមមាន៖ របាយការណ៍កិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូនលើកទី១៥ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ, សំណើសុំចូលជាសមាជិក ITF របស់ប្រទេសចំនួនបី: សាធារណរដ្ឋដូមីនីក, អូម៉ង់ និង អារ៉ាប៊ីសាអូឌីត,ការសម្រេចសំណើសុំធ្វើប្រធានប្តូរវេនសម្រាប់ ឆ្នាំ២០២៦-២០២៧ របស់សាធារណរដ្ឋឆែក និងកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូលឆ្នាំ២០២៥ នៃវេទិកាដឹកជញ្ជូនអន្តរជាតិ ត្រូវបានកំណត់យកថ្ងៃទី២១-២៣ ខែឧសភា ឆ្នាំ២០២៥។

ដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យដឹកជញ្ចូនលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើបទអន្តរាគមន៍ខ្លី ដោយបានគូសបញ្ជាក់ជូនអង្គប្រជុំថា ថ្វីត្បិតតែការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជាមិនទាន់ដល់កម្រឹតធ្ងន់ធ្ងរ តែរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកក្នុងវិស័យដឹកជញ្ជូន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង និងឯកសារផ្សេងៗទៀតដើម្បីសម្រេចគោលដៅអព្យាក្រិត្យកាបូននៅឆ្នាំ២០៥០ តាមរយៈការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី សិក្សាគម្រោងដឹកជញ្ជូនសាធារណៈ ដែលនឹងរួមចំណែកក្នុងការកាត់បន្ថយប្រេងឥន្ទនៈ លើកកម្ពស់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី បានសង្តត់ធ្ងន់ថា ជាមួយនឹងការតាំងចិត្តខ្ពស់ យើងក៏ត្រូវការកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ពិសេសជាមួយប្រទេសជាសមាជិក ITF។ លោកបានស្នើដល់បណ្តាប្រទេសជាសមាជិក ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ជួយគាំទ្រដល់កម្ពុជាក្នុងការបំពេញបេសកកម្មដ៏មានសារៈសំខាន់មួយនេះ៕