(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា ឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសពីយុទ្ធសាស្ត្រស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា។ ខណៈការប្រគល់សត្វខ្លាធំជំហានទី១ ចំនួន៤ក្បាល អាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

យ៉ាងណាមិញ សត្វខ្លាធំត្រូវបានគេប្រទះឃើញជាលើកចុងក្រោយបង្អស់តាមរយៈកាម៉េរាថតសត្វក្នុងឆ្នាំ២០០៧។ ត្រឹមឆ្នាំ២០១៦ សត្វខ្លាធំទាំងនោះត្រូវបានគេប្រកាសពីការដាច់ពូជជាផ្លូវការដោយរដ្ឋាភិបាលកម្ពុជា។ ការផុតពូជនៃប្រភេទសត្វនេះបណ្តាលមកពីការបរបាញ់ខុសច្បាប់សម្រាប់លក់ទៅទីផ្សារងងឹតអន្តរជាតិ ធ្វើជាថ្នាំ ឬឱសថព្យាបាលជំងឺ។

រាជរដ្ឋាភិបាលកម្ពុជាមានបំណងនាំ និងស្តារសត្វខ្លាធំនេះឡើងវិញនៅកម្ពុជា ហេតុនេះហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយរដ្ឋាភិបាលឥណ្ឌា ដែលជាប្រទេសមានចំនួនសត្វខ្លាធំជាសកលប្រមាណ ៧០%។ ការចុះហត្ថលេខារវាងប្រទេសចំនួនពីរដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិឥណ្ឌាអភិរក្សបច្ចេកទេស វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺ កំពុងតែធ្វើការរួមគ្នា ក្នុងការអនុវត្តគម្រោងការស្តារសត្វខ្លាធំឡើងវិញមួយនេះ។

សត្វខ្លាធំដែលបានចាប់រក្សាទុកនៅប្រទេសឥណ្ឌានឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាដោយកងកម្លាំងអាកាសឥណ្ឌា និងបន្តដឹកបញ្ជូនទៅកាន់ស្ថានីយ៍ស្តារសត្វខ្លាធំឡើងវិញនៅឯខេត្តកោះកុង ដែលជាជម្រកថ្មីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ទទួលបានការថែទាំការពារយ៉ាងជោគជ័យអស់រយៈពេលពីរទសវត្សរ៍មកហើយក្រោមកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានថ្លែងថា៖ «សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីដ៏មានសុខភាពល្អមួយ។ សត្វខ្លាធំពេញវ័យជំទង់ ៤ក្បាល ក្នុងនោះ ១ក្បាលជាសត្វខ្លាឈ្មោល និង ៣ ក្បាលទៀតជាសត្វខ្លាញី ដែលមានប្រភពមកពីតំបន់ជួរភ្នំ Ghats នៃប្រទេសឥណ្ឌា នឹងត្រូវផ្លាស់ប្តូរទីលំនៅមកកាន់តំបន់ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ កណ្តាល ដើម្បីធ្វើការស្តារប្រភពកំណើតប្រជាសាស្ត្រសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ យើងនឹងនាំសត្វខ្លាធំទាំងនោះមកប្រទេសកម្ពុជា ហើយពួកគេនឹងស្រឡាញ់ព្រៃតំបន់ជួរភ្នំ ក្រវាញប្រទេសកម្ពុជា ដែលជាផ្ទះថ្មីរបស់ពួកគេ»

នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធមិត្តសត្វព្រៃរូបនេះ បានបញ្ជាក់ថា សត្វខ្លាធំមក ពីប្រទេសឥណ្ឌា ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១នេះ ទាំង៤ក្បាលនេះ បើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំ គឺរដ្ឋាភិបាលប្រទេសមួយនេះនឹងបង្កើនការផ្ដល់ជូនដល់ ១១ក្បាល បន្ថែមទៀត។ សត្វខ្លាធំទាំង៤ ក្បាលនឹងលែងក្នុងតំបន់ស្នូល នៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថាមានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «វត្តមានរបស់សត្វខ្លាធំជា និមិត្តរូបនៃបរិស្ថានស្អាត និងចីរភាពដែលឆ្លុះបញ្ចាំងពីសុខុដុមរមនីយកម្ម រវាងមនុស្ស និងសត្វព្រៃ។ យុទ្ធសាស្រ្តនេះមានគោលបំណងធានាឱ្យបាននូវភាពស្អាត បៃតង និង ចីរភាពបរិស្ថាន តាមរយៈការងារជាអាទិភាពដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ជួរភ្នំក្រវាញជាតំបន់មានព្រៃក្រាស់មានហើយ លក្ខណៈ ដូចជា តំបន់ទេសភាព ជាជម្រកសត្វខ្លាធំដែលមានសក្តានុពលរហូតដល់ ១០០ក្បាល បើធៀប ទៅនឹងដង់ស៊ីតេស្រដៀងគ្នានៅក្នុងតំបន់ទេសភាពក្នុងបណ្តាប្រទេសអាស៊ី»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា គម្រោងនេះ ជាគម្រោងធំមួយ ដែលមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌា។ ក្រសួងបរិស្ថាន កំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយដៃគូរបសើកម្ពុជា គឺប្រទេសឥណ្ឌា និងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃលើគម្រោងនេះ។ ជាមួយគ្នានេះដែរលោកមានក្តីរំភើបរីករាយដែលខ្លាធំនឹងមកដល់ កម្ពុជាក្នុងពេលឆាប់ៗនេះ។ ការនាំសត្វខ្លាធំមកកាន់ដែនដីព្រៃកម្ពុជាគឺជាដំណើរដ៏វែង ឆ្ងាយមួយដែលចំណាយពេលជាច្រើនឆ្នាំ។

«ខ្ញុំដឹងថាយើងទាំងអស់គ្នា ទន្ទឹងរង់ចាំការ មកដល់របស់ខ្លាធំដោយក្តីរំភើប។ យ៉ាងណាមិញ អនុញ្ញាត្តឱ្យខ្ញុំជម្រាបជូនលោកអ្នកថា ទោះបីខ្លាធំមកដល់កម្ពុជាក្តី ក៏យើងនឹងមានកិច្ចការងារជាច្រើនទៀតត្រូវធ្វើ។ យើងទាំង អស់គ្នាចាំបាច់រួមគ្នាការពារខ្លាធំដើម្បីអោយពួកគេអាចរស់នៅប្រកបដោយភាពសុខុដុមរមនា នៅក្នុងជម្រកធម្មជាតិរបស់ពួកគេក្នុងតំបន់ព្រៃភ្នំក្រវាញ»។ នេះជាការលើកឡើងរបស់លោក ជា សំអាង។

បើតាមលោកបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឱ្យដឹងថា៖ «ឥណ្ឌា និងកម្ពុជានឹងបង្កើតប្រវត្តិសាស្រ្តជាមួយគ្នាតាមរយៈភាពជោគជ័យនៃការនាំសត្វខ្លាធំជាលើកដំបូងបំផុតលើពិភពលោក! សូមយើងបន្តប្តេជ្ញាចិត្តដើម្បីធ្វើឱ្យក្តីសុបិន្តមួយនេះក្លាយជាការពិត»

លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានឱ្យដឹងថា ការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ ប៉ុន្តែការប្រគល់សត្វខ្លាមក កម្ពុជាអាចពន្យាពេលយូរជាងនេះបន្ថែមទៀតក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ ហើយការប្រគល់សត្វខ្លាធំនេះ ជំហានទី១ ដែលប្រទេសអ្នកស្រីប្រគល់ឱ្យកម្ពុជា ហើយបើគម្រោងនេះទទួលជោគជ័យប្រទេសឥណ្ឌានឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀប ចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ៕