(បារីស)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាសប្ដាហ៍ បានជួបពិភាក្សាការងារជាមួយលោក François De Mazières អភិបាលក្រុងវែរសៃ និងជាប្រធានឧទ្យានវែរសៃ (Versailles Grand Parc) លើការគាំទ្រនិងឧបត្តម្ភរបស់សាលាក្រុងវែរសៃ មកលើគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) និងកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគតរវាងស្ថាប័នទាំងពីរ។

កិច្ចពិភាក្សានេះធ្វើឡើងនៅសាលាក្រុងវែរសៃ ប្រទេសបារាំង ដោយមានការចូលរួមពីលោក Francisque Vigouroux ប្រធាន SIAVB និងជាប្រធានសមាគមចៅសង្កាត់នៃតំបន់ Essonne លោក Jean-Michel Bordes អគ្គនាយកសហជីពអន្តរសង្កាត់គ្រប់គ្រងទឹក នៃជ្រលងប៊ីយ៉ែវ (SIAVB) និងលោក Jacques Bellier ប្រធានសមាគម AGERA និងសមាជិកបច្ចេកទេសមួយចំនួនទៀត ដូចជា លោកស្រី Béatrice Delgado លោក Manuel Pluvinage លោក Pascal Thévenot និងលោក Srun Kim Ang៕