(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ, លោក សុខ ពេញវុធ អនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌដូនពេញ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដូនពេញ បានដឹកនាំសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងមូលដ្ឋានខណ្ឌដូនពេញ សរុបចំនួន ៧៥០នាក់។

លោក សួន រិនឌី បានថ្លែងអំណរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដូនពេញ និងមន្ត្រីគណបក្សទាំងអស់ ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដោយបានយកអស់កម្លាំងកាយចិត្ត សម្ភារ ថវិកា ពេលវេលា សំដៅសម្រេចឲ្យបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។

លោកបានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់សម្រាប់ការបន្តជំរុញដំណើរការ អភិវឌ្ឍសង្គមជាតិយើងពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ទោះបីការបោះឆ្នោតនេះជាបោះឆ្នោតអសកល ប៉ុន្តែគឺជាបោះឆ្នោតដែលកើតចេញពីឆន្ទះរបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុងឧត្តមរបស់ប្រជាជនដែលបានប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

លោកបានបញ្ជាក់ថា ការជ្រើសតាំងបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែងយកអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គឺសម្រាំងយកបុគ្គលដែលមានគុណតម្លៃខ្ពស់ មានសមត្ថភាព និងសីលធម៌ ដើម្បីចូលរួមដឹកនាំខណ្ឌ និយាយដោយឡែក និងនិយាយជារួមគឺការចូលរួមកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងរីកចម្រើន។

គណបក្សប្រជាជន បានសម្រិតសម្រាំងរកបានរួចហើយ និងសង្ឃឹមថា អង្គបោះឆ្នោតដែលជាមន្ត្រីបក្សនៅមូលដ្ឋាន ដែលមានសិទ្ធិបោះឆ្នោត គូសសន្លឹកឆ្នោតក្នុងប្រអប់ឆ្នោតរបស់គណបក្ស​ប្រជាជនកម្ពុជា រូបសញ្ញាទេវតាបាចផ្កា ដែលសន្លឹកឆ្នោត សម្រាប់ក្រុមប្រឹក្សាខណ្ឌដូនពេញ។ គណបក្សបានកំណត់ទិសដៅ «សមាជិកបក្ស ឬមន្ត្រីបក្ស១រូប គឺជាសម្លេងឆ្នោតគាំទ្រគណបក្ស ១សន្លឹក»៕