(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិ​ទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា​ខណ្ឌ​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ​។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុង មុខតំណែងសរុប ចំនួន ១១,៦២២នាក់ ក្នុងនោះស្រីចំនួន ២,៥៧៤នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។

គួរឱ្យដឹងថា ការបោះឆ្នោតអសកលត្រូវបានរៀបចំឡើងដោយ គ.ជ.ប ប្រព្រឹត្តទៅបានចំនួន ១០លើក រួចមកហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន៤លើក ចាប់តាំងពីឆ្នាំ២០០៦ នៃនីតិកាលទី២ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចំនួន៦លើក។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កន្លងមកដែលគ.ជ.ប បានរៀបចំ៖

*អាណត្តិទី១ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៩
*ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១
*អាណត្តិទី២ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤
*អាណត្តិទី៣ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩
*ក្រុមប្រឹក្សាក្រុងបូកគោ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១
*ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
សម្រាប់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖

ទី១៖ គណបក្ស​ប្រជាជនកម្ពុជា
ទី២៖ ​គណបក្សឆន្ទៈខ្មែរ ​
ទី៣៖ គណបក្ស​កម្លាំង​ជាតិ ​
ទី៤៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច ​
និងទី៥៖ គណបក្ស​ខ្មែររួបរួមជាតិ៕