(កំពត)៖ លោក លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងលោកឧកញ៉ា ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកែប-កំពត
ព្រមទាំងសហការីអមដំណើរ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនមជ្ឈមណ្ឌលស្តានីតិសម្បទាព្យាបាល អ្នកញៀនគ្រឿងញៀន នៃកងពលតូចថ្មើជើងលេខ៣១ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គឹម កុសល មេបញ្ជាការរងកងពល និងជានាយកមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដែលមានទីតាំងអង្គភាព ស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។

នាឱកាសនោះ លោកប្រធានសាលាដំបូង និងព្រះរាជ្ញាអមសាលាដំបូងខេត្តកំពត បានពន្យល់ និងណែនាំនីតិវិធីពាក់ព័ន្ធផ្លូវច្បាប់សម្រាប់ការស្នាក់នៅព្យាបាល ដើម្បីបន្សាបនៅសារធាតុញៀន និងគ្រប់គ្រងអ្នកញៀនគ្រឿងញៀន ដល់នាយក នាយករង និងជួរថ្នាក់ដឹកនាំនៃមន្ត្រី របស់មជ្ឈមណ្ឌលកែប្រែខាងលើ។

ទន្ទឹមនេះលោកទាំងពីរបានកោតសរសើរមជ្ឈមណ្ឌលខាងលើ ដែលគ្រប់គ្រងដល់ជនរងគ្រោះ អ្នកញៀនគ្រឿងញៀន បានយ៉ាងល្អប្រសើរ ទាំងពីការស្នាក់នៅ បន្សាបគ្រឿងញៀន អនាម័យ សណ្ដាប់ធ្នាប់ និងជីវភាពលើការរស់នៅ ទោះបីមជ្ឈមណ្ឌលនៅមានការខ្វះខាត សម្រាប់ការទ្រទ្រង់ជីវភាព ដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនយ៉ាងណាក៏ដោយ តែមជ្ឈមណ្ឌលខាងលើ ខិតខំពុះពារស្វែងរកជំនួយសប្បុរសធម៌នានា ពីគ្រប់មជ្ឈដ្ឋាន ទោះបីតិចក្តី ច្រើនក្តី ដើម្បីយកមកផ្គត់ផ្គង់ដល់ជនរងគ្រោះ។

មានមតិសំណេះសំណាល និងសួរសុខទុក្ខដល់ជនរងគ្រោះជាកូន ក្មួយ ស្នាក់នៅមជ្ឈមណ្ឌលខាងលើ លោកឧកញ៉ា ប៊ុន បារាំង បានកោតសរសើរ និងវាយតម្លៃនាយកនាយករង នាយទាហាន ពលទាហាន និងមន្ត្រីពាក់ព័ន្ធដែល បម្រើការក្នុងមជ្ឈមណ្ឌលព្រមទាំងជនរងគ្រោះទាំងអស់ ដែលបានគ្រប់គ្រង ដឹកនាំ និងសហការគ្នាបានល្អប្រសើរ មានការសាមគ្គីផ្ទៃក្នុង រវាងជួរថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ពិសេសជនរងគ្រោះអ្នកញៀនថ្នាំញៀនស្នាក់នៅ ក្នុងមជ្ឈមណ្ឌលផងដែរ។

លោកឧកញ៉ា ប៊ុន បារាំង ក៏បានផ្ដាំផ្ញើដល់ក្មួយៗ កូនៗ អ្នកញៀនគ្រឿងញៀននៅមជ្ឈមណ្ឌលនេះ ទោះបីពីមុនក្មួយៗ កូនៗ ដើរផ្លូវខុស ដោយសារសេពគ្រឿងញៀន ដែលធ្វើឱ្យក្រុមគ្រួសារ ឪពុកម្ដាយ មានការខកចិត្ត ជាពិសេសសង្គមមានការស្អប់ខ្ពើម។ ដូច្នេះក្មួយៗ កូនៗ ដែលមានវាសនាស្នាក់នៅក្នុងមជ្ឈមណ្ឌលកែប្រែនេះ ក្រោមការខិតខំប្រឹងប្រែងរបស់អង្គភាព។ ពិសេសមជ្ឈមណ្ឌល ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នឹងជួយគាំទ្រកូន ក្មួយ អ្នកញៀនគ្រឿងញៀន លើកស្ទួយក្នុងការកសាងកែប្រែផ្តាច់ឲ្យអស់ ពាក់ព័ន្ធសារធាតុញៀន ឲ្យបានជាសះស្បើយទាំងអស់គ្នា នាពេលបច្ចុប្បន្ននេះ ក៏ដូរជាទៅអនាគតផងដែរ។

ជាពិសេសក្រោយពេលកូបៗ ក្មួយៗ បានជាសះស្បើយ ហើយវិលត្រឡប់ទៅគេហដ្ឋានផ្ទះសំបែង ជួបជុំក្រុមគ្រួសារ ឪពុកម្ដាយវិញនោះ ក្រុមគ្រួសារ ឪពុកម្ដាយ នឹងមានការសប្បាយចិត្ត សង្គមមានការគាំទ្រ ពីព្រោះក្មួយៗកូនៗ មានការរស់នៅដូចជាពលរដ្ឋដទៃទៀតផងដែរ។ ម្យ៉ាងទៀតក្មួយៗកូនៗចាត់ទុកដូចជាទំពាំងស្នងឬស្សី អាចចូលរួមក្នុងសកម្មភាពសង្គម ក៏ដូចជាប្រកបរបររកស៊ីចិញ្ចឹមជីវិត ដូចយុវជន-យុវនារី ដ៏ទៃទៀតផងដែរ។ ដូច្នេះធ្វើយ៉ាងណា ក្មួយៗ កូនៗ ដែលស្នាក់នៅមជ្ឈមណ្ឌលនេះ ត្រូវខិតខំ កែប្រែ និងដាច់គ្រឿងញៀនឲ្យអស់គ្រប់ៗគ្នា។

លោកវរសេនីយ៍ឯក តុល សុបិន នាយសេនាធិការរង នឹងជានាយករងមជ្ឈមណ្ឌល បានលើកឡើងក្នុងរបាយការណ៍ថា មជ្ឈមណ្ឌលស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៃកងពលតូចថ្មើរជើង លេខ៣១ បានបង្កើតឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ ដែលមានផ្ទៃដី ៦៧.០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

វរសេនាតូច លេខ៣១២ នៃកងពលតូចថ្មើជើងលេខ៣១ ទទួលការឧបត្ថម្ភពីសម្ព័ន្ធមេត្រីភាពរវាងក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ទាំងស្រុង ជាចំណងដៃដល់កងពលតូចថ្មើរជើងលេខ៣១ ក្រោយពីបានសាងសង់ រួចរាល់ ដោយមានការឯកភាពពីស្ថាប័នពាក់ព័ន្ធដូចជា ក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល អគ្គលេខាធិការ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃកងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិ សម្រេចសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ទទួលនូវជនរងគ្រោះ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ មកដល់បច្ចុប្បន្ននេះ មានជនរងគ្រោះ សរុប ២៦៨១នាក់ ក្នុងនោះស្រី ៨០នាក់ បានធ្វើសមាហរណកម្មវិលត្រឡប់ទៅរួមរស់ ជាមួយគ្រួសារវិញ មានចំនួន ២៤៦៧នាក់ ក្នុងនោះស្រី ៧៣ នាក់ លាប់ឡើងវិញ ចំនួន៨៥ នាក់ ក្នុងនោះស្រី ០៤នាក់, គ្រប់គ្រងជាក់ស្ដែងនៅក្នុងមណ្ឌល ចំនួន ២៩៩នាក់ ក្នុងនោះស្រី១១ នាក់។

លោកវរសេនីយ៍ឯក តុល សុបិន បន្តបញ្ជាក់ទៀតថា មជ្ឈមណ្ឌលក្រោយពីបានទទួលជនរងគ្រោះចូលមកព្យាបាលអស់រយៈពេលជិត ៥ឆ្នាំកន្លងមក គឺបានជួបប្រទះនៅចំណុចប្រឈម មួយចំនួនមានដូចជា៖

*ទី១៖ ដោយពុំទាន់បានទទួលគោលរបបពីរដ្ឋាភិបាលនៅឡើយ។
*ទី២៖ ខ្វះខាតសម្ភារ គ្រឿងបរិក្ខារពេទ្យមួយចំនួន។
*ទី៣៖ ជនរងគ្រោះចូលមកព្យាបាលដោយគ្មានប្រាក់ឧបត្ថម្ភពីអាណាព្យាបាល។

ទន្ទឹមនេះដោយមានការជួយឧបត្ថម្ភពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលកាលអតីត សម្ដេចនៅជាមេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភអង្ករ ចំនួន២តោន ក្នុងមួយខែ,ប្រេងឥន្ធនៈមួយត្រីមាស សាំង ១០០០លីត្រ, ប្រេងម៉ាស៊ូត ១០០០លីត្រ ក្រៅពីនេះមានថវិកាមួយចំនួនតាមភាពជាក់ស្ដែង។

ក្នុងពិធីចុះសំណេះសំណាល សួរសុខទុក្ខនោះ លោកឧកញ៉ា ប៊ុន បារាំង បានឧបត្ថម្ភអង្ករចំនួន០៥តោន និងអំបិល ០៥តោន សរុបទាំងថវិកា និងអំណោយប្រមាណជាង ៧ពាន់ដុល្លារ, លោក លាង សំណាត់ ប្រធានសាលាដំបូងខេត្តកំពត ឧបត្ថម្ភថវិកាប្រមាណ ០២លានរៀល និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ព្រមទាំងសហការី ឧបត្ថម្ភថវិកាប្រមាណ ២លានរៀលផងដែរ៕