(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដែលមានលេខរៀងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលមានសន្លឹកឆ្នោតពណ៌ ផ្ទៃមេឃ និងលេខរៀងទី៥ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ដែលមានសន្លឹកឆ្នោតពណ៌ស។

នាឱកាសនោះដែរ លោកក៏បានថ្លែងនូវការកោតសរសើរ និងអរគុណ ចំពោះក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌព្រែកព្នៅ ដែលបានខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានខណ្ឌ ឱ្យមានការអភិវឌ្ឍន៍រីកចម្រើន និងរក្សាបាននូវភូមិ-សង្កាត់ មានសុវត្ថិភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ លោកបានឱ្យអាជ្ញាធរបំផុសចលនាមហាជន ឱ្យគាំទ្រគម្រោង «ព្រែកជីកហ្វូនណន-តេជោ»។

ការអំពាវនាបបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយនៅតាមបណ្តាខណ្ឌទាំ១៤ របស់រាជធានីភ្នំពេញ បានធ្វើពិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតនេះព្រមៗគ្នា និងយ៉ាងគគ្រឹកគគ្រេងនៅតាមខណ្ឌរបស់ខ្លួន សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជម្នះឱ្យបានដាច់ខាត នៅថ្ងៃបោះឆ្នោតនាថ្ងៃទី២៦ ឧសភា ខាងមុខនេះ។

លោក ឃួង ស្រេង បានថ្លែថា ព្រឹកថ្ងៃទី២៤ ឧសភានេះ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោយពីយើងបានបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែខុសភា ឆ្នាំ២០២៤ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងពីធីបិទសន្និបាតនេះ លោកបានបន្តថា ផ្អែកតាមច្បាប់របស់ គ.ជ.ប គឺការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខណ្ឌ ត្រូវចាប់ផ្ដើមឡើងនៅថ្ងៃទី១៧ ឧសភា និងបញ្ចប់ នៅថ្ងៃទី២៤ ខែឧសភានេះ។ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនេះ គឺបានដំណើរការទៅដោយរលូនតាមច្បាប់របស់ គជ.ប។ គណបក្សប្រជាជនកម្ពុជា នឹងទទួលបាននូវជ័យជំនះយ៉ាងពិតប្រាកដ នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ដោយសារគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ ពិសេសគឺគណបក្សប្រជាជនកម្ពុជា បានបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ អភិវឌ្ឍន៍មូលដ្ឋាន រក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ មានធនធានមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារ ជាមួយនឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ។ បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ដោយបានជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងដោយប្រការផ្សេងៗទៀត ពោលគឺអ្វីៗដែលគណបក្សប្រជាជនកម្ពុជា បានធ្វើ គឺធ្វើទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។

លោក ធីម សំអាន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានឱ្យដឹងថា ក្នុងរយៈពេលនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ក្រុមការងារ ក្រុមបេក្ខជនក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សហការជាមួយគណបក្សរាជធានី គណបក្សខណ្ឌ សង្កាត់ បានចុះជួបឃោសនាជាមួយ អង្គបោះឆ្នោត ដើម្បីបង្កើនការយល់ដឹង និងចងចាំបាននូវលេខរៀងរបស់គណបក្សយើងគឺ៖ លេខរៀងទី៣ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ដែលមានសន្លឹកឆ្នោតពណ៌ ផ្ទៃមេឃ និងលេខរៀងទី៥ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ដែលមានសន្លឹកឆ្នោតពណ៌ស។

លោកបានបន្តថា អង្គបោះឆ្នោតរបស់យើង ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងខណ្ឌព្រែកព្នៅ បានប្តេជ្ញាចិត្តរួចជាស្រេចថា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានទទួលជ័យជម្នះ ជាដាច់ខាត ៕