(ភ្នំពេញ)៖ លោក ម៉ម ប៊ុន ហេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ អាណត្តិ ទី៤ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។

លោក ម៉ម ប៊ុនហេង បានថ្លែងថា យុទ្ធនាការឃោសនាកន្លងមកនេះ មានរយៈពេល ៨ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៤ ដែលជាឱកាសឱ្យក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌរបស់គណបក្សបានជួបផ្ទាល់ជាមួយអង្គបោះឆ្នោតក៏ដូចជាប្រជាជន មហាជន ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ របស់គណបក្សឱ្យបានទូលំទូលាយ និងស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងទីតាំងរូបសញ្ញារបស់គណបក្សប្រជាជនកម្ពុជាលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណ្ដើមប្រៀបឈ្នះឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។

លោកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានថ្លែងថា «សូមថ្លែងអំណរគុណដល់គណៈកម្មាធិការគណបក្សខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំងអស់នៃខណ្ឌសែនសុខ ដែលបានខិតខំសម្រេចបានសមិទ្ធផលយ៉ាងច្រើននៅទូទាំងខណ្ឌ និងសង្កាត់ ដោយបានជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់សំដៅបម្រើផលប្រយោជន៍របស់ប្រជាជន និងសង្គមជាតិពិតៗ ដែលនេះគឺជាមូលដ្ឋានសម្រាប់ឱ្យគណបក្សសង្កាត់របស់យើងទាំងអស់ ឈានទៅអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ របស់គណបក្សឆ្នាំ២០២២-២០២៧

ទទួលបានជោគជ័យ»

នៅក្នុងឱកាសនេះ លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ដែលជាអង្គបោះឆ្នោតអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៦ ខែឧសភា
ឆ្នាំ២០២៤ ខាងមុខនេះកុំបីខាន។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ មានចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុង មុខតំណែងសរុប ចំនួន ១១,៦២២នាក់ ក្នុងនោះស្រីចំនួន ២,៥៧៤នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២០៩ការិយាល័យ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖

ទី១៖ គណបក្ស ប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្ស កម្លាំង ជាតិ
ទី៤៖ គណបក្ស ហ៊្វុនស៊ិនប៉ិច
និងទី៥៖ គណបក្ស ខ្មែររួបរួមជាតិ៕