(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

តាមរយៈសារលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនារីករាយ ចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដ៏សិរីមង្គល នៃខួបចម្រើនជន្មាយុ របស់សម្ដេចអគ្គមហាពញាចក្រី គម្រប់៩០ឆ្នាំ ឈានចូល ៩១ឆ្នាំ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស បវរសួស្តី នៃអាយុវឌ្ឍនាការដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមគោរពជូនពរជ័យសិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លា និងសូមសម្តែងនូវកតញ្ញុតាដ៏ជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្ដេចអគ្គមហាពញាចក្រី ដែលមានគុណបំណាច់ ដ៏ធំធេងចំពោះបុព្វហេតុ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាពិសេសនោះ សម្តេចបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្ម ក្នុងការសង្គ្រោះប្រទេសជាតិ ប្រជាជន និងកសាងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន សម្បូរសប្បាយរុងរឿងប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

ខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោកជាពិសេសទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំប្រទានពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូន សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្តេច សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខសុភមង្គលមានសុខភាពល្អបរិបូណ៌ និងសូមសមប្រកបតនឹងព្រះពុទ្ធពរ ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។ សូម សម្តេចអគ្គមហាពញាចក្រី ទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ»៕