(រតនគិរី)៖ លោក ញ៉ែម សំអឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំសមាជិក សមាជិកាគណបក្សក្នុងក្រុងបានលុង បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ នៅក្រុងបានលុង។

ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានអានសារលិខិតសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកទាំងមូល បានស្តាប់ និងយល់ជ្រួបជ្រាបនូវអត្ថន័យដ៏មានន័យជ្រាលជ្រៅបំផុត។

លោក ញ៉ែម សំអឿន បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺបានសម្រេចនូវស្នាដៃជាប្រវត្តិសាស្ត្រធំៗជាច្រើន ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។

ជាមួយគ្នានោះលោក ញ៉ែម សំអឿន បានអំពាវនាវដល់អង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានសតិអារម្មណ៍នឹងនរ ស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងប្តេជ្ញាចិត្តទៅបោះឆ្នោះទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកបន្តទៀតចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នៅក្នុងខេត្តរតនគិរី។

ជាចុងក្រោយលោកញ៉ែម សំអឿនបានក្រើនរំលឹកដល់អង្គបោះឆ្នោត ត្រូវត្រៀមឯកសាររួចជាស្រេច និងពង្រឹងការថែរក្សាសុខភាពដើម្បីចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា៕