(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសណ្ដាន់ តំណាងលោក ម៉ៅ សុផាន់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្ដាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានស្រុក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី ៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក ស៊ិន វណ្ណវុឌ្ឍ ប្រធានគណបក្សស្រុកសណ្ដាន់ បានធ្វើរាយការណ៍ស្វាគមន៍ ដោយបានបញ្ជាក់ពីលទ្ធផលនៃការសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ ដោយចាប់ផ្ដើមដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះដែលត្រូវជាថ្ងៃបិទបញ្ចប់ ដោយទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងច្រើនកុះករចំពោះគណបក្សប្រជាជនកម្ពុជា ពីមហាជនទូទៅនៅក្នុងស្រុក ហើយអង្គបោះឆ្នោតរបស់គណបក្ស នៅស្រុកសណ្ដាន់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោក សោម ស៊ុន បានបញ្ជាក់ថាក្នុងនាមតំណាងលោក ម៉ៅ សុផាន់ បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សស្រុក រួមជាមួយក្រុមការងារ ព្រមទាំងអង្គបោះឆ្នោតនៃគណបក្ស ដែលបានខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តបានល្អតាមក្រមសីលធម៌ និងច្បាប់ នៃការបោះឆ្នោត។

លោកបានគូសបញ្ជាក់ពីចំណុចសំខាន់ៗ នៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសមិទ្ធិផលដែលជាស្នាដៃធំៗ របស់ប្រទេសជាតិ ក្រោមការដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក សោម ស៊ុន បានសំណូមពរដល់អង្គបោះឆ្នោតរបស់គណបក្សនៅទូទាំងស្រុក ត្រូវខិតខំថែរក្សាសុខភាព ត្រៀមរាល់សំណុំបែបបទឯកសារគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទៅបោះឆ្នោត ជូនណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យគណបក្សបន្តទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗទៀត ក្នុងការរួមគ្នារក្សាឲ្យបានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត៕