(កណ្តាល)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកៀនស្វាយ តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ដ្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ, ស្រុកខ្សាច់កណ្ដាល, ស្រុកល្វាឯម, ស្រុកកៀនស្វាយ, ស្រុកមុខកំពូល និងស្រុកពញាឮ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកៀនស្វាយ។

ពិធីនេះមានការចូលរួមពីលោកប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ៨ ក្នុងស្រុកកៀនស្វាយ, លោក ឡូវ សុខសាន ប្រធានគណៈកម្មាធិការគណបក្សស្រុកកៀនស្វាយ, សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក និងក្រុមប្រឹក្សាឃុំទាំង ៨ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់។

បណ្ឌិត គុណ ញឹម បានលើកឡើងនូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា រួមមាន ការកសាងសន្ដិភាពនិងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា ដែលបានរំដោះជាតិពីសង្គ្រាមដ៏រ៉ាំរៃ នាំមកនូវសេចក្ដីសុខសន្ដិភាពពេញផ្ទៃប្រទេស សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងសម្រេចបានសមិទ្ធផលជាច្រើន លើគ្រប់វិស័យគួរជាទីមោទនៈ, ការគិតគូរនិងការពារប្រជាជន ទប់ស្កាត់មិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងការស្រលាញ់ប្រជាជន រួមសុខរួមទុក្ខរស់នៅជាមួយគ្នា លើមាគ៌ានៃការអភិវឌ្ឍជានិរន្ដរ៍។

លោកបណ្ឌិត ក៏បានលើកឡើងអំពីសក្ខីភាពថ្មីមួយទៀត នៃការបន្ដអភិវឌ្ឍជាតិ គឺ គម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបន្ដគាំទ្រ និងជំរុញការអនុវត្តដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយទទួលបានការសាទរ និងគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន។

គម្រោងព្រែកជីកហ្វូណន-តេជោនេះ នឹងផ្ដល់អត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជា ជាពិសេសការពង្រឹងឯករាជ្យភាពវិស័យដឹកជញ្ជូនទំនិញនាំចេញ-នាំចូលតាមផ្លូវទឹក និងការចូលរួមលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្ដើមពីម៉ោង ៧៖០០ព្រឹក រហូតដល់ម៉ោង ១៥៖០០រសៀល ដោយនៅស្រុកកៀនស្វាយ មានទីតាំងការិយាល័យបោះឆ្នោត ស្ថិតក្នុងបរិវេណអនុវិទ្យាល័យគគីរ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ។

លោកបណ្ឌិត បានរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជាអង្គបោះឆ្នោត ឱ្យត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការចូលរួមបោះឆ្នោត និងអញ្ជើញទៅចូលរួមបោះឆ្នោតគាំទ្រសមាសភាព របស់គណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕