(កំពង់ធំ)៖ លោក ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងមីទ្ទីង បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នាសាលប្រជុំ ស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ។

ពិធីបិទយុទ្ធនាការឃោសនានាពេលនេះមានការចូលរួមពី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង និង ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានភូមិ និងសមាជិកគណបក្សជាច្រើននាក់ផងដែរ។

លោកប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។ លោកបានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

ជាចុងក្រោយ លោកប្រធានក្រុមការងារ បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ និងបានរំឭកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមការិយាល័យសរុបចំនួន ២០៩ និងមានអ្នកបោះឆ្នោតសរុប ១១ ៦២២នាក់៕