(សៀមរាប)៖ លោក សឿន រឿត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកជីក្រែង ខេត្តសៀមរាប បានជំរុញដល់គណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សហការជាមួយគណបក្សស្រុក ឃុំ បន្តយកចិត្តទុកដាក់គ្រប់គ្រងអង្គបោះឆ្នោតរបស់គណបក្សយើងឲ្យបានល្អ ដោយពង្រឹងទាំងស្មារតី សតិអារម្មណ៍ នយោបាយ សាមគ្គីភាពផ្ទៃ ក្នុងឲ្យបានរឹងមាំ។

លោក សឿន រឿត បានធ្វើការជំរុញយ៉ាងដូច្នេះក្នុងបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំទាំង១២ក្នុងស្រុកជីក្រែងគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការបក្សស្រុក អង្គបោះឆ្នោតបេក្ខជនក្រុមប្រឹក្សាខេត្ត និងបេក្ខជនក្រុមប្រឹក្សាស្រុកពេញសិទ្ធ និងបម្រុងសរុប ១៣០រូបនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកជីក្រែង បានលើកឡើងថា អង្គបោះឆ្នោតទូទាំងស្រុក មាន៩៦រូប ស្រី២៥រូប ក្នុងនោះដែរ គណបក្សប្រជាជនមាន ៧០រូប ស្រី ២១រូប ដែលមានក្រុមប្រឹក្សាស្រុក ២១អាសនៈ។ លោកបន្តថា ក្នុងកិច្ចដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុកនេះ បានដំណើការទៅដោយភាពរលូន គ្មានអំពើហិង្សាទៅតាមប្រតិទិនរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

លោក សឿន រឿត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តសៀមរាប។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈបក្សស្រុក ដែលតែងតែយកចិត្តទុកដាក់បំពេញការងារ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី សម្រាប់ប្រយោជន៍រួម ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការងារគណបក្ស និងរាជរដ្ឋាភិបាល ដូចជាការកសាងសមិទ្ធផលនានា ធ្វើឲ្យមានការផ្លាស់ប្ដូរ និងមានការរីកចម្រើនជាលំដាប់ ដោយរក្សាបាននូវសន្ដិសុខ សណ្ដាប់ ធ្នាប់សង្គមសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក សឿន រឿត បានបន្តថា សមិទ្ធផលទាំងអស់នេះ កើតឡើងក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងការខិតខំរួមគ្នារបស់សមាជិក សមាជិកា គណបក្សគ្រប់មូលដ្ឋាន។ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ត្រូវសហការជាមួយគណបក្សស្រុក ឃុំ ធ្វើការប្រមូលផ្តុំអង្គបោះឆ្នោតដែលនៅឆ្ងាយពីការិយាល័យបោះឆ្នោត និងជួយពិនិត្យមើលរាល់ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់បម្រើឲ្យការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ និងត្រូវបន្តលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដំណើរការដោយរលូន ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងអនុលោមតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតដ្ឋានគតិយុត្តជាធរមាន។

លោកបានបញ្ជាក់ថា គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន ដាក់ខ្លួនបម្រើ ប្រជាជន ឲ្យអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីប្រកប ដោយឆន្ទៈក្លៀវក្លាឥតរាថយ និងការគាំទ្រពីសំណាក់ប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការដឹកនាំយូរអង្វែងទៅមុខរបស់គណបក្ស។ ពង្រឹងការប្តេជ្ញាចិត្ត ខាងនយោបាយ ដណ្តើមជោគជ័យឲ្យបានជាដាច់ខាត ជូនគណបក្ស សម្រាប់ការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដើម្បីគណបក្សបន្តដឹកនាំគ្រប់គ្រងការងារទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្កលក្ខណៈសម្បត្តិដល់គណបក្ស អនុវត្តសម្រេចនូវបេសកកម្មអភិវឌ្ឍប្រទេសជាតិ ឲ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា៕