(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សស្រុកក្រូចឆ្មារ ដោយមានសមាជិកបក្ស និងអង្គបោះឆ្នោត សរុប១០០០នាក់។

ក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់អង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោត ព្រមទាំងសមាជិក សមាជិកា គណបក្សទាំងអស់។

ប្រធានក្រុមការងារគណបក្សស្រុក បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រូចឆ្មារទាំងមូល ដែលតែងតែមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនគ្រប់កាលៈទេសៈ តាំងពីបាតដៃទទេរ រហូតមានការអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ ។

លោក បន្ថែមថា ជាពិសេសបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ជាពិសេសស្រុកក្រូចឆ្មារ ទទួលបានចំណាត់ថ្នាក់លេខ ១ ទូទាំងខេត្តត្បូងឃ្មុំ។

លោក ផារ៉ា មង្គល បន្តថា ទន្ទឹមនេះ ក្រោយពីយុទ្ធនាការឃោសនាបោះឆ្នោត អស់រយៈពេល ៧ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តិទៅដោយរលូន តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្មានអំពើហិង្សា ក្រោមបរិយាកាសល្អប្រសើរ ហើយការជួបជុំគ្នានៅទីនេះ គឺដើម្បីសម្តែងនូវការគាំទ្រចំពោះបេក្ខជន-បេក្ខនារី នៃគណបក្សប្រជាជនកម្ពុជា ទាំងពេញសិទ្ធ និងបម្រុង ឈរឈ្មោះក្នុងស្រុកក្រូចឆ្មារ។

លោក ផារ៉ា មង្គល គូសបញ្ជាក់ថា «ការឈ្នះឆ្នោតរបស់បេក្ខជន បេក្ខនារី គឺមិនមែនជាជោគជ័យសម្រាប់បុគ្គល ដែលឈរឈ្មោះទេ គឺជាជោគជ័យសម្រាប់គណបក្សប្រជាជន និងស្រុកក្រូចឆ្មារ ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំទាំងមូល»

ជាចុងក្រោយ លោក ផារ៉ា មង្គល ក៏បានអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ សូមគោរពតាមច្បាប់បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដែល គ.ជ.ប បានកំណត់ ថែរក្សាសុខភាព ត្រៀមឯកសារពាក់ព័ន្ធដើម្បីបោះឆ្នោត និងត្រូវទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាសញ្ញាសម្គាល់លើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមលើគ្រប់វិស័យ៕