(តូក្យូ, ជប៉ុន)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ប្រទេសនៅអាស៊ី ត្រូវសាមគ្គី និងធ្វើការរួមគ្នា ដើម្បីកសាងបានអនាគត និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងវេទិកា «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុន Nikkei របស់ជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ។

វេទិកាប្រចាំឆ្នាំដ៏ធំមួយនេះអ្នកចូលរួមដោយផ្ទាល់ប្រមាណ៣៥០នាក់ និងអ្នកចូលរួមតាមអនឡាញប្រមាណ២,៥០០នាក់។

ក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំលេចអំពីស្ថានភាព​ប្រឈមមួយចំនួននៅលើសកលលោកនាពេលបច្ចុប្បន្ន រួមមានបម្រែបម្រួល​ភូមិ​សាស្ត្រនយោបាយ បញ្ហាសេដ្ឋកិច្ច និងស្ថិរភាពនៅលើសកលលោកទាំងមូល ការរៀបចំ​ការបោះឆ្នោតនៅបណ្តាប្រទេសធំៗនៅក្នុងឆ្នាំ២០២៤ បញ្ហាសង្រ្គាមនៅអ៊ុយ​ក្រែន តំបន់មជ្ឈិមបូព៌ា និងបញ្ហាសង្គ្រាមរ៉ាំរៃនៃប្រទេសស៊ូដង់ ស៊ីរី និងភូមា។

ជាទស្សនទានឆ្លើយតបទៅនឹងបញ្ហាទាំងអស់នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ការចូលរួបរួមគ្នារបស់ថ្នាក់ដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានប្រជាជនសរុបច្រើនជាងពាក់កណ្ដាលនៃប្រជាជនសកលលោកទាំងមូលពិតជាមានសារៈសំខាន់ណាស់។ ការចូលរួមរបស់ប្រទេសនៅអាស៊ី នឹងធ្វើឱ្យស្ថានភាពនៅលើពិភពលោកមានភាពប្រសើរឡើង ដោយមិនត្រឹមតែការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែដោះស្រាយបញ្ហានៅលើសកលលោក ដើម្បីលើកកម្ពស់សន្តិភាព, ភាពរុងរឿង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីកិច្ចប្រឹងប្រែង និងការផ្តល់កិច្ចសហការយ៉ាងមុតមាំរបស់កម្ពុជា ដើម្បីជាវិភាគទានដោះស្រាយបញ្ហាសាកលទាំងនេះ។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់កិច្ចសហការរួមគ្នា និងផ្តល់នូវដំណោះស្រាយសម្រាប់បញ្ហាប្រឈមទូទៅកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់ការរីកចម្រើន និងវឌ្ឍនភាពរួមគ្នា ដែលផ្ទុយស្រឡះពីកង្វះកិច្ចសហការ។

ជាមួយនឹងចក្ខុវិស័យជាយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានកិច្ចការងារអាទិភាពជាច្រើនដោយក្នុងនោះកិច្ចការចម្បងសំខាន់ៗ គឺសំដៅទៅលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្នដែលបង្កើតឱកាសសម្រាប់ប្រជាជនគ្រប់រូប ជាពិសេសប្រជាជននៅតំបន់ជនបទដាច់ស្រយាល និងសហគមន៍ដែលធនធាននៅមានកម្រិត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញពីបទពិសោធន៍ដែលកម្ពុជាអាចចែករំលែកទៅកាន់ពិភពលោកនោះគឺសារៈសំខាន់នៃការដាក់ចេញគោលនយោបាយប្រកបដោយបរិយាបន្នដែលជាកត្តាសំខាន់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍរបស់ជាតិនីមួយៗ ព្រោះគោលនយោបាយដែលបានគិតគូរគ្រប់ជ្រុងជ្រោយ និងមិនទុកអ្នកណាម្នាក់ចោល នឹងផ្តល់មកវិញនូវលទ្ធផលដែលបង្កើនសក្តានុពលធនធានមនុស្ស កាត់បន្ថយវិសមភាព និងពង្រឹងស្ថិរភាពសង្គម។ កត្តាទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាព និងវឌ្ឍនភាពជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ជិតមួយទសវត្សរ៍ ក្រោយពេលលោកបានឡើងថ្លែងសុន្ទរកថា នៅវេទិការអន្តរជាតិអាស៊ីកាលពីឆ្នាំ២០១៥ និង២០១៦ ប្រទេសនៅក្នុងតំបន់អាស៊ីជាមួយភាពធន់ខ្ពស់ និងភាពប៉ិនប្រសប់ក្នុង​ការ​សម្របខ្លួន បានធ្វើឱ្យអាស៊ីអាចឆ្លងកាត់វិបត្តិសកលដូចជាវិបត្តិជំងឺកូវីដ១៩ជាដើម ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមប្រទេសមានឥទ្ធិពលមួយនៅលើសកលលោក ដែលដើរ​តួនាទីសំខាន់ក្នុងការកំណត់អនាគតកិច្ចសហប្រតិបត្តិយការអន្តរជាតិ និងវឌ្ឍនភាព​សេដ្ឋ​កិច្ចនៅលើសកលលោកទាំងមូល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចឱ្យបាននូវទិសដៅធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តាមរយៈ ជំរុញការធ្វើនវានុវត្តន៍ សហគ្រិនភាព និងបរិវត្តកម្មឌីជីថល ហើយជាពិសេសជាមួយការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ក្នុងការពង្រឹងស្ថិរភាពសង្គម, សុខដុមរមនា និងការផ្សះផ្សាគ្នា តាមរយៈកិច្ចសន្ទនា, ការរួមបញ្ចូលគ្នា និងការគោរពសិទ្ធមនុស្ស សំដៅកសាងសង្គមមួយដែលប្រជាជនគ្រប់រូបមានតម្លៃ និងអាចចូលរួមជាមួយរាជរដ្ឋាភិបាលបាន។ ជាមួយគ្នានេះ ដោយធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មានការតាំងចិត្តខ្ពស់ក្នុងការពង្រឹងចំណងមិត្តភាពរបស់កម្ពុជាជាមួយមិត្តនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក្រៅតំបន់ដោយផ្តោតទៅលើសណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងផ្អែកលើគោលការណ៍អធិបតេយ្យ មិនលូកលាន់ផ្ទៃក្នុងគ្នា ការគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់នៃសារៈសំខាន់នៃកិច្ចសន្ទនាការទូត ដៃគូពាណិជ្ជកម្មនិងការផ្លាស់ប្ដូរវប្បធម៌ទៅវិញទៅមក។

តំបន់អាស៊ីជាមួយនឹងភាពសំបូរបែប សេដ្ឋកិច្ចរស់រវើក និងវប្បធម៌ដែលមានវ័យចំណាស់ឈរជាបង្គោលនៃភាពធន់ និងភាពប៉ិនប្រសប់ក្នុងការសម្របខ្លួនដោយអាស្រ័យលើកម្លាំងរួមគ្នាក្នុងផ្ដល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅលើសកលលោក និងពង្រឹងការកសាងអនាគតប្រកបដោយចីរភាពនិងបរិយាបន្ន។

ជាក់ស្តែងកម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្ដួចផ្ដើមនានានៅក្នុងតំបន់ ដើម្បីលើកកម្ពស់សន្តិភាព សមាហរណកម្មសេដ្ឋកិច្ច និងសាមគ្គីភាពសង្គមដោយ​សង្កត់​ធ្ងន់ទៅលើការសន្ទនា កិច្ចសហប្រតិបត្តិការ ការយោគយល់គ្នាទៅវិញទៅមក សំដៅកសាងអាស៊ីមួយប្រកបដោយភាពធន់និងភាពរុងរឿង ជាក់ស្តែងដូចជាការចូល​រួមគ្នានៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងកិច្ចសន្យាពាណិជ្ជកម្ម​ក្នុងតំបន់ជាមួយ​នឹងការបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តរួមគ្នាចំពោះការដឹកនាំប្រកបដោយភាពទទួលខុសត្រូវ ការចូលរួមជាលក្ខណៈស្ថាបនា និងការរួមគ្នាអភិវឌ្ឍន៍អនាគតរបស់អាស៊ីដែលដើរតួជាគំរូ ប្រកបដោយជំនឿចិត្ត និងទទួលយកឱកាស និងបញ្ហាប្រឈមនានានៅលើសកលលោក។

លោកឧបនាយករដ្ឋមន្ត្រីក៏បានដកស្រង់សម្តីរបស់បិតាសហស្ថាបនិកសហរដ្ឋអាមេរិកគឺលោក Benjamin Franklin ដែលមានប្រសាសន៍ថា «We must, indeed, all hang together or, most assuredly, we shall all hang separately»។ ក្នុងន័យនេះ សហគមន៍អាស៊ីត្រូវធ្វើការរួមគ្នា សាមគ្គីគ្នា និងកសាងអនាគតជា​មួយ​គ្នា​​ដើម្បីធានា​បានការអភិវឌ្ឍប្រកបដោយចីរភាព៕