(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជទានសារជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។

ព្រះរាជសាររបស់ព្រះមហាក្សត្រមានខ្លឹមសារដូច្នេះថា៖ «សម្តេចអគ្គមហាពញាចក្រី ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់សម្តេចអគ្គមហាពញាចក្រី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចអគ្គមហាពញាចក្រី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្តទៀត ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ ចំពោះស្នាដៃដ៏ល្អប្រសើរ និងសូមសម្តែងនូវការសរសើរដ៏ស្មោះ រាល់កិច្ចខិតខំប្រឹងប្រែង របស់ សម្តេចអគ្គមហាពញាចក្រី ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបានចូលរួមចំណែកដឹកនាំការពារ កសាង បម្រើជាតិ មាតុភូមិ និង ប្រជារាស្ត្រកម្ពុជា ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ធ្វើឱ្យមាតុភូមិកម្ពុជាទទួលបានសេចក្តីសុខ សន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕