(កំពង់ធំ)៖ លោក ឈន សេដ្ឋា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតំលៃប្រគល់ទទួល១០០ភាគរយ នៃលទ្ធផល ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

ជាមួយក្នុងការចុះត្រួតពិនិត្យ និងវាយតំលៃក្រុមការងារបានទទួលយកនូវលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងសរុប ៤៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស មានទទឹងម្ខាងៗ ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន១កន្លែង លូមូលមុខពីរចំនួន៥កន្លែង និងផ្លាកឈ្មោះគម្រោងចំនួន២កន្លែង (គម្រោងលេខ DRR-NC-2023-No.036) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ប្រើប្រាស់ថវិកាជំពូក២១ ដោយទទួលយក១០០%។

ជាមួយគ្នានេះ លោក ឈន សេដ្ឋា បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅក្នុងការដឹកជញ្ជូន ការមកទទួលសេវានានា និងការធ្វើដំណើររបស់សិស្សានុសិស្សមកកាន់សាលារៀនប្រកប ដោយសុវត្ថិភាពពិសេសដើម្បីជួយ សម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ៕