(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈ:កម្មាធិការកណ្តាល  អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប បានជំរុញដល់គណបក្សស្រុក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ ក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ សហការជាមួយគណបក្សស្រុក ឃុំ បន្តយកចិត្តទុកដាក់គ្រប់គ្រងអង្គបោះឆ្នោតរបស់គណបក្សយើងឲ្យបានល្អ ដោយពង្រឹងទាំងស្មារតី សតិអារម្មណ៍ នយោបាយ សាមគ្គីភាពផ្ទៃ ក្នុងឲ្យបានរឹងមាំ។

លោកបណ្ឌិត សឹង សំណាង អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកសមាជិកាគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា  លោក លោកស្រី គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនខេត្តសៀមរាបក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកសូទ្រនិគម ក្រុមការងារយុវជនគណបក្សស្រុក ឃុំ សរុបចំនួន ១៧៦ នាក់ និងបេក្ខជនក្រុមប្រឹក្សាស្រុកចំនួន ៦១ រូបនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ក្នុងកិច្ចស្វាគមន៍លោក គឹម វណ្ណៈ ប្រធានគណៈកម្មាធិការនៃគណបក្សស្រុកសូទ្រនិគម  បានលើកឡើងថា អង្គបោះឆ្នោតទូទាំងស្រុក មាន ៨២រូប ក្នុងនោះដែរ គណបក្សប្រជាជនមាន ៦១រូប ស្រី ២០រូប ។ លោកបន្តថា ក្នុងកិច្ចដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុកនេះ បានដំណើការទៅដោយភាពរលូន គ្មានអំពើហិង្សាទៅតាមប្រតិទិនរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

លោកបណ្ឌិត សឹង សំណាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តសៀមរាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តសៀមរាប ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈបក្សស្រុក ដែលតែងតែយកចិត្តទុកដាក់បំពេញការងារ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអស់ពីកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី សម្រាប់ប្រយោជន៍រួម ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងការងារគណបក្ស និងរាជរដ្ឋាភិបាល ។

លោកបណ្ឌិតបានបញ្ជាក់ថា គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន ដាក់ខ្លួនបម្រើ ប្រជាជន ឲ្យអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីប្រកប ដោយឆន្ទៈក្លៀវក្លាឥតរាថយ និងការគាំទ្រពីសំណាក់ប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការដឹកនាំយូរអង្វែងទៅមុខរបស់គណបក្ស។ លោកបណ្ឌិតបានធ្វើការគូសបញ្ជាក់ថាគណបក្សប្រជាជនមានគុណូបការ: ចំពោះជាតិមាតុភូមិ និងប្រជាជនជាច្រើនមានដូចជាព្រឹត្តិការណ៍សង្គ្រោះជាតិនៅថ្ងៃ ៧មករា ១៩៧៩ និងស្វះស្វែងរកការផ្សះផ្សាបង្រួបបង្រួមជាតិរហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣តុលាឆ្នាំ១៩៩១ នៅមានព្រឹត្តិការណ៍មួយទៀតដែលគណបក្សប្រជាជន បានប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មទប់ទល់ជាមួយ គ្រោះមហន្តរាយធម្មជាតិ និងមិនធម្មជាតិក្នុងនោះគឺជំងឺឆ្លងរាតត្បាតយ៉ាងកាចសាហាវ កូវីដ19 ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជិតប្រជាពលរដ្ឋ។នេះគឺជាគុណូបការៈដ៏ថ្លៃថ្លា ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានផ្ដល់និងសង្គ្រោះកន្លងមក ។ លោកបណ្ឌិតបានក្រើនរំលឹកថានៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ គឺជាការកំណត់នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្តក្រុងស្រុក ឬយើងអាចនិយាយបានម្យ៉ាងទៀតថាជាការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិហើយក៏ជាថ្ងៃដ៏ប្រសើរសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកសូទ្រនិគមយើងនេះ។

ដោយសារហេតុផលនេះហើយទើបគណបក្សប្រជាជនកម្ពុជាយើងក្រើនរំលឹកដល់អង្គបោះឆ្នោតឬក្រុមប្រឹក្សាឃុំសង្កាត់របស់យើងត្រូវយកចិត្តទុកដាក់អង្គបោះឆ្នោតនីមួយៗត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អ។អង្គបោះឆ្នោតក្នុងស្រុកសូទ្រនិគមរបស់យើងមាន ៦១នាក់ដាច់ខាតត្រូវមានមុខទៅបោះឆ្នោតទាំង ៦១នាក់ ត្រូវថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានល្អប្រសើរបំផុតពីពេលនេះរហូតដល់បោះឆ្នោតរួចរាល់។ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាឃុំជាអង្គបោះឆ្នោតសូមប្រកាន់ខ្ជាប់នូវទស្សនៈគោលជំហរស្មោះត្រង់ចំពោះគណបក្សប្រជាជននិងបោះឆ្នោតជូនគណបក្សប្រជាជនដែលមានលេខរៀងលើសន្លឹកឆ្នោត។

ពង្រឹងការប្តេជ្ញាចិត្ត ខាងនយោបាយ ដណ្តើមជោគជ័យឲ្យបានជាដាច់ខាត ជូនគណបក្ស សម្រាប់ការបោះឆ្នោតដ៏មានសារៈសំខាន់នេះ ដើម្បីគណបក្សបន្តដឹកនាំគ្រប់គ្រងការងារទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅបង្កលក្ខណៈសម្បត្តិដល់គណបក្ស អនុវត្តសម្រេចនូវបេសកកម្មអភិវឌ្ឍប្រទេសជាតិ ឲ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។