(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរចំពោះការបំពេញបេសកកម្មរបស់លោក វ៉ាង វិនធៀន ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។

ការថ្លែងបែបនេះរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនធៀន ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងអាណត្តិជាឯកអគ្គរដ្ឋទូត។ ជំនួបនេះធ្វើឡើងនៅសាលសវនាការរបស់លោក នាអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។

ជាកិច្ចចាប់ផ្ដើម លោក វ៉ាង វិនធៀន បានកត់សម្គាល់ក្នុងរយៈពេលនៃការបំពេញបេសកកម្មនៅកម្ពុជារបស់លោក ដោយមើឃើញពីការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា-ចិន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានថ្លែងអំណរគុណ និងកោតសរសើរការជួយជ្រុំជ្រែង និងការគាំទ្ររបស់លោកឧបនាយករដ្ឋមន្ដ្រី ក្នុងពេលដែលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់។

លោកសន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងនូវការពេញចិត្ត និងកោតសរសើរចំពោះឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកបទៅដោយជោគជ័យនៅកម្ពុជា ហើយបានជំរុញលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ នៅក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនធៀន បានជំរុញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឲ្យដល់កម្រិតកំពូលផងដែរ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានកត់សម្គាល់ដែរថា លោក វ៉ាង វិនធៀន បានរួមចំណែកក្នុងការជំរុញ និងធ្វើឲ្យកម្ពុជាសម្រេចបានសមិទ្ធផលជោគជ័យ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅការងារធំៗមួយចំនួន រួមមាន៖

*ទី១៖ ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការគាំទ្រទាំងផ្នែកមធ្យោបាយ និងសម្ភារ
*ទី២៖ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម
*ទី៣៖ ការជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំការការបោះឆ្នោតទាំងសកល និងអសកល
*ទី៤៖ ពង្រឹង និងលើកកម្ពស់វិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។ ជោគជ័យទាំងអស់របស់កម្ពុជានេះ មិនអាចអាចកាត់ផ្ដាច់បានពីរជំនួយឧបត្ថម្ភពីប្រទេសចិនទាំងសម្ភារៈ មធ្យោបាយ និងបទពិសោធន៍
*ទី៥៖ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈស្ថានទូតចិន ដែលបានផ្ដល់ជំនួយឧបករណ៍តេស្តរកសារធាតុញៀន។

ត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានស្នើដល់ស្ថានទូតចិន និងឯកអគ្គរដ្ឋទូតចិនថ្មី បន្តជំរុញក្នុងកិច្ចសហប្រតិបត្តិការ ក្នុងផ្នែកអនុវត្តច្បាប់ និងផ្នែកផ្សព្វផ្សាយអប់រំ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត វ៉ាង វិនធៀន បានលើកឡើងថាប្រធានាធិបតី ស៊ីជីងពីង បានចាត់ទុកការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ បានធ្វើឲ្យទំនាក់ទំនងកម្ពុជាចិន កាន់តែមានភាពស៊ីជម្រៅ ហើយទំនាក់ទំនងរវាងកម្ពុជានិងចិននេះ គឺជាទំនាក់ទំនងដែលជួយគ្នាទៅវិញទៅមក។ ដោយក្នុងអំឡុងពេលនោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលនៃការផ្ទុះជំងឺកូវីដ១៩ ដែលជាការផ្ដល់នូវការលើកទឹកចិត្ត និងគាំទ្រដល់ថ្នាក់ដឹកនាំ និងប្រជាជនចិន។

នៅក្នុងទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា-ចិននេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កម្ពុជាតែងតែសម្ដែងនូវជំហរគាំទ្រចិន លើបញ្ហាធំៗមួយចំនួនដូចជា បញ្ហាកោះតៃវ៉ាន់ និងបញ្ហានៅទីបេ ដើម។

លោក វ៉ាង វិនធៀន បានឯកភាព និងបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងរូបភាពរវាងកិច្ចសហប្រតិបត្តិការនៅក្នុងរដ្ឋាភិបាល ក៏ដូចជាក្នុងរូបកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតចិន និងអាជ្ញាធរជាតិប្រជាប្រឆាំងគ្រឿងញៀន៕