(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ នឹងរៀបចំទិវាសុខភាពពេលមករដូវ(MHD) ដើម្បីប្រយុទ្ធនឹងការលំបាកនាពេលមានរដូវ និងលុបបំបាត់ការមាក់ងាយនៅពេលមករដូវ ដែលជាឧបសគ្គរារាំងចំពោះស្ត្រី និងមនុស្សគ្រប់វ័យមិនឱ្យមានការចម្រើនលូតលាស់ ។

ពិធីនេះនឹងរៀបចំនៅអនុវិទ្យាល័យសម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានី រាជធានីភ្នំពេញ និងចែកចាយសំឡីអនាម័យ និងខោទ្រនាប់សម្រាប់ការមករដូវ មានការចូលរួមពី តំណាង មន្ទីរអប់រំ យុវវជន និងកីឡា រាជធានីភ្នំពេញ ក្មេងស្រី និងលោកគ្រូអ្នកគ្រូជាង ចំនួន៣០០នាក់។

ទិវាសុខភាពនៅពេលមករដូវរដូវបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការអប់រំសុខភាពពេលមករដូវ និងធនធានដូចជា ខោទ្រនាប់ ដែលនឹងជួយគាត់ឱ្យបានចូលរៀន កាត់បន្ថយការមាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេរីកចម្រើន និងលូតលាស់។

តាមការប៉ាន់ប្រមាណមានប្រជាជន ប្រមាណ ១.៨ពាន់លាននាក់មករដូវនៅទូទាំងពិភពលោក ប៉ុន្តែ ៥០០លាននាក់នឹងជួបប្រទះនឹងភាពក្រីក្រក្នុងពេលមានរដូវ រួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព និងអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះរួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលសុខភាពមិនល្អ ការខកខានការសិក្សា ឬការងារ និងផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត។ ទិវាសុខភាពរដូវនេះ សូមបញ្ចប់ភាពក្រីក្រ និងបញ្ចប់ការមាក់ងាយ ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសបានមានប្រសាសន៍ថា ការធ្វើឱ្យប្រសើរឡើងនូវសុខភាពពេលមករដូវចំពោះសិស្សសាលា ក្មេងស្រី អាចនាំឱ្យបានទទួលលទ្ធផលយូរអង្វែងលើការអប់រំ សុខភាព និងសុខុមាលភាពរបស់ស្ត្រីទាំងមូល។

អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការធ្វើការលើជំងឺអេដស៍ពិភពលោកដ៏ធំបំផុត។ បច្ចុប្បន្នអង្គការនេះបានផ្តល់សេវាថែទាំវេជ្ជសាស្រ្ត និង/ឬសេវាកម្មដល់អតិថិជនជាង១.៧ លាននាក់នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប៕