(តូក្យូ-ជប៉ុន)៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងតូក្យូ ប្រទេសជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រីបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់អំពីវឌ្ឍនភាពដ៏សំខាន់ នៅក្នុងសមាហរណកម្មទូទាត់ប្រាក់តាមឌីជីថល បរិយាប័្ននផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុដោយចីរភាព ដោយបានសង្កត់ធ្ងន់ពីតម្រូវការដើម្បីរក្សាកំលាំងចលករនេះ ដើម្បីសម្រេចបានពេញលេញនូវសក្តានុពលកំណើនរបស់តំបន់។

នៅរសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Keizo Takemi រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីតម្រូវការបន្តសហការលើវិស័យសុខាភិបាលសាធារណៈ ការងារ និងការគាំពារសង្គម ព្រមទាំងកត់សម្គាល់ពីសារៈសំខាន់ នៃបទពិសោធន៍របស់ប្រទេសជប៉ុន ក្នុងការដោះស្រាយជាមួយប្រជាជនដែលមានអាយុច្រើន ព្រមទាំងសង្គម ជាដើម។

លោកបណ្ឌិត អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Tokai Kisaburo ប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយគណបក្សប្រជាធិបតេយ្យសេរី និងជាសមាជិកតំណាងរាស្ត្រជប៉ុន។ ភាគីទាំងពីរបានពិភាក្សាតាមដានលទ្ធផល នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣ ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ព្រមទាំង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ក្នុងគោដៅពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Saito Ken រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព នៃការសហការបង្កើតសេដ្ឋកិច្ចអាស៊ាន-ជប៉ុនប្រកបដោយភាពច្នៃប្រឌិត និងចីរភាពឆ្នាំ២០២៣-២០៣៣ ព្រមទាំងសមិទ្ធផលសេដ្ឋកិច្ចដែលអាចសម្រេចបាន នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅខែកញ្ញាខាងមុខ។

បន្ថែមលើនេះ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើវិធានការនានា ដើម្បីជំរុញការអនុវត្តដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP) ដើម្បីពង្រឹងបន្ថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់។

លោកក៏បានបន្ដជួបពិភាក្សាការងារជាមួយលោក Koizumi Ryuji រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ពីតម្រូវការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ក្នុងវិស័យនីតិរដ្ឋ និងយុត្តិធម៌ ជាពិសេសតាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-ជប៉ុន ស្តីពីច្បាប់ និងយុត្តិធម៌ ដែលបានអនុម័តក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌ អាស៊ាន-ជប៉ុន ព្រមទាំងគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន ជាមួយប្រទេស G7 ជាដើម។

លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Sakamoto Tetsushi រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការពង្រឹងកសិកម្មប្រកបដោយចីរភាព ដើម្បីជំរុញការប្រកបរបរចិញ្ចឹមជីវិតរបស់កសិកររាប់សិបលាននាក់នៅក្នុងតំបន់។

ភាគីទាំងពីរក៏បានពិភាក្សាពីការអនុវត្តផែនការកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនមីដូរី ដោយផ្តោតលើការដោះស្រាយការប្រឈមនានា ពាក់ព័ន្ធនឹងការបម្រែបម្រូលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ជាដើម៕