(តាកែវ)៖ លោក សុខ សូកាន ជាសមាជិកគណៈកម្មការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី ៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ខេត្តតាកែវ។

លោក សុខ សូកាន បានឱ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ៨ថ្ងៃ ដោយចាប់ផ្ដើមដំណើរការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះដែលត្រូវជាថ្ងៃបិទបញ្ចប់ ដោយទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងច្រើនកុះករចំពោះគណបក្សប្រជាជនកម្ពុជា ពីមហាជនទូទៅនៅក្នុងស្រុក ហើយអង្គបោះឆ្នោតរបស់គណបក្ស នៅស្រុកគិរីវង់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

លោកបានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សស្រុក រួមជាមួយក្រុមការងារ ព្រមទាំងអង្គបោះឆ្នោតនៃគណបក្ស ដែលបានខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងអនុវត្តបានល្អតាមក្រមសីលធម៌ និងច្បាប់ នៃការបោះឆ្នោត។

លោក សុខ សូកាន បានសំណូមពរដល់អង្គបោះឆ្នោតរបស់គណបក្សនៅទូទាំងស្រុក ត្រូវខិតខំថែរក្សាសុខភាព ត្រៀមរាល់សំណុំបែបបទឯកសារគ្រប់គ្រាន់ ដើម្បីបំពេញកាតព្វកិច្ចទៅបោះឆ្នោត ជូនណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យគណបក្សបន្តទទួលបានជោគជ័យដ៏ត្រចះត្រចង់ថ្មីៗទៀត ក្នុងការរួមគ្នារក្សាឱ្យបានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត៕