(ភ្នំពេញ)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនក្មេងទំនើង២នាក់ ដែលបង្កហិង្សាដាក់គ្នាទៅវិញទៅមក នៅចំណុចក្បែរស្ពាននាគវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣២៦៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាបង្កឡើងដោយក្រុមជនត្រូវចោទ២ក្រុម ក្នុងនោះមានជនត្រូវចោទមានខ្លួនចំនួន២នាក់ គឺទី១៖ឈ្មោះ គ្រីស សុភក្ត្រា និងទី២៖ឈ្មោះ សាយ រស្មីចាន់រាំយុទ្ធ និងជនត្រូវចោទចំនួន៣នាក់ ទៀតកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០៦ ភូមិ០៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២១៨ក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីហិង្សានេះ បង្កឡើងដោយក្រុមជនត្រូវចោទ ចំនួន២ ក្រុម បានជិះម៉ូតូឌឺដងដាក់គ្នា និងដេញតាមរហូតដល់ដួលម៉ូតូទើបបង្កឲ្យមានការ ប្រតាយប្រតប់វាយគ្នាទៅវិញទៅមក។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ២នាក់ដូចបានបញ្ជាក់ខាងលើ ដើម្បីបង្កការស៊ើបសួរតាមនីតិវិធី។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងណែនាំដល់អភិបាលរាជធានីខេត្តទាំងអស់ រួមជាមួួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕