(សៀមរាប)៖ ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ឧទ្យានអង្គរ តែងតែទទួលបាននូវការយកចិត្តទុកដាក់អំពីសំណាក់អាជ្ញាធរជាតិអប្សរា ដោយមានការអនុគ្រោះក្នុងការងារជួសជុលតូចតាចនូវលំនៅដ្ឋាន ក៏ដូចជាសំណង់ឧប្បសម្ពន្ធមាន របង ដំបូល ជញ្ចាំង សសរពុក២ដើម បង្គន់អនាម័យ រោងគោ ទ្រុងមាន់ និងទ្រុងជ្រូកជាដើម នៅលើទីតាំងកំពុងរស់នៅផ្ទាល់តែម្ដង។

តាមរយៈការចុះពិនិត្យ និងសម្រេចជាប្រចាំ ដោយក្រុមការងារសហគមន៍ នាយកដ្ឋានគ្រប់គ្រង់ដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា។

ជាក់ស្ដែង ក្នុងសប្ដាហ៍ទី២ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសហគមន៍ បានចុះពិនិត្យសំណើបានចំនួន៧៧ករណី និងសម្រេចអនុញ្ញាតបានទាំង៧៧ករណី ទៅតាមបណ្ដាស្រុក/ក្រុងទាំង៥ដូចខាងក្រោម៖
* ស្រុកពួក អនុញ្ញាតបាន២៧ករណី
* ស្រុកបន្ទាយស្រី អនុញ្ញាតបាន១៣ករណី
* ស្រុកសៀមរាប អនុញ្ញាតបាន២០ករណី
* ស្រុកប្រាសាទបាគង អនុញ្ញាតបាន៥ករណី
* ស្រុកអង្គរធំ អនុញ្ញាតបាន១២ករណី

សូមជម្រាបថា រាល់ការដាក់ពាក្យស្នើសុំច្បាប់ និងការអនុញ្ញាត គឺពុំតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។

ជាមួយគ្នានេះ ក្រុមការងារសង្កេតឃើញថា ក៏មានអ្នកដែលទទួលបានការអនុញ្ញាតហើយ ប៉ុន្តែពុំបានអនុវត្តត្រឹមត្រូវ ស្របនឹងការអនុញ្ញាតនោះឡើយ។ ដូច្នេះអាជ្ញាធរជាតិអប្សរាសង្ឈឹមថាប្រជាពលរដ្ឋដែលទទួលបានការអនុញ្ញាតឱ្យជួសជុលលំនៅដ្ឋានត្រូវអនុវត្តឲ្យស្របតាមចំណុចបច្ចេកទេសដែលមានការទទួលដឹងឭ ពីអាជ្ញាធរមូលដ្ឋាន និងទទួលស្គាល់ដោយអាជ្ញាធរជាតិអប្សរា៕