(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាកម្លាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ស្រាវជ្រាវទីតាំងលួចកែច្នៃ និងចែកចាយដាវសាម៉ូរ៉ៃខុសច្បាប់ ដែលជាសម្ភារក្មេងទំនើងប្រើប្រាស់ធ្វើសកម្មភាព។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យនគរបាលការិយាល័យសេដ្ឋកិច្ច និងអធិការខណ្ឌទាំង១៤ ពិនិត្យ និងលក់ដាវសាម៉ូរ៉ៃមួយចំនួន ហើយត្រូវបញ្ឈប់ជាបន្ទាន់នូវការចែកចាយលក់ និងផលិត»

ដាវសាម៉ូរ៉ៃ គឺជាសម្ភារសម្រាប់ធ្វើសកម្មភាពយ៉ាងពេញនិយម ពីសំណាក់ក្រុមក្មេងទំនើងបង្កអុកឡុកសង្គម ដោយពួកគេប្រើប្រាស់ដើម្បីបង្កហិង្សាទៅគូជម្លោះ ឬឈានដល់ការប្រព្រឹត្តអំពើចោរកម្មថែមទៀតផង។ ដាវសាម៉ូរ៉ៃ ត្រូវបានក្រុមក្មេងទំនើងទាំងនោះ កែច្នៃដាក់ក្រោមកែបម៉ូតូ ឬកៀនបំពង់ស៉ីម៉ាំងម៉ូតូ ហើយខ្លះដាក់ក្នុងកាតាបផងដែរ។

ទាក់ទិនករណីក្មេងទំនើងនេះ ដោយអនុវត្តតាមបទញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងរយៈពេល២ថ្ងៃមកនេះ បានបង្ក្រាបករណីក្មេងទំនើងបង្កអុកឡុកសង្គម ចំនួន៥ករណី ឃាត់ខ្លួនមនុស្ស២០នាក់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្រ្កាបនេះធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤ ដោយក្រុមក្មេងទំនើង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបង្កអំពើហិង្សា។

លោកបានបន្ដថា ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុនម៉ាណែត, លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្ដប្រតិបត្តិការនេះយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕