(កំពង់ឆ្នាំង)៖ ដោយទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ការពារសន្តិសុខ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ពិធីចុះត្រួតពិនិត្យកងកម្លាំងនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ស្ថិតក្នុងភូមិសាស្ត្រ ភុមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីការបោះឆ្នោតលើកទី១នៅឆ្នាំ១៩៩៣ ព្រះរាជាណាចក្រកម្ពុជាបានរៀបចំការបោះឆ្នោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិជាបន្តបន្ទាប់មានដូចជា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ នេះគឺជាសក្ខីភាពដែលបានបង្ហាញយ៉ាងច្បាស់លាស់ពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។

ការបោះឆ្នោតអាណត្តិទី៤ ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែងរួមមាន៖

ទី១៖ គណបក្ស ប្រជាជនកម្ពុជា
ទី២៖ គណបក្សឆន្ទៈខ្មែរ
ទី៣៖ គណបក្សកម្លាំង ជាតិ
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច
និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕