(កំពង់ស្ពឺ)៖ ក្រុមប្រឹក្សាឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាអង្គបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ បានបង្កអំពើហិង្សាលើអ្នកដទៃ ដោយសារផឹកស៉ីស្រវឹង។ ករណីហិង្សានេះ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

នគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់មានចំនួន២នាក់ក្នុងនោះ រួមមាន ឈ្មោះ ឈូក ង៉ែត អាយុ៤៣ឆ្នាំ រស់នៅភូមិសង្រ្គាមបូរ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអង្គបោះឆ្នោតបក្សភ្លើងទៀន និងបក្ខពួកឈ្មោះយ៉ុង ផាត អាយុ៤៣ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រុមប្រឹក្សាបក្សភ្លើងទៀន និងបក្ខពួកបានត្រួតគ្នាធ្វើសកម្មភាពវាយដាល់ទៅលើជនរងគ្រោះឈ្មោះ ដាង គ្រុយ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវចំត្រចៀកចំនួន១កន្លែង បបូរមាត់ចំនួន១កន្លែង និងក្បាលជង្គង់ បណ្ដាលឲ្យរងរបួសជាទម្ងន់ ខណៈពេលជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នាទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ភ្លាមនោះជនសង្ស័យខាងលើ ខឹងបានព្រួតគ្នាវាយលើជនរងគ្រោះឲ្យរងរបួសតែម្ដង។

ពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់តែម្ដង។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែង ក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ចុះទៅដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ ក្រោយមកនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាប៉ុស្តិ៍ទួលអំពិល បន្តស្រាវជ្រាវរហូតឈាន់ដល់ឃាត់ខ្លួនជនបង្កហិង្សាសាខាងលើឈ្មោះ ឈូក ង៉ែត និងឈ្មោះ យ៉ូង សូផាត យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។

យោងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ ឈូក ង៉ែត បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ យ៉ុង ផាត ពិតជាបានធ្វើសកម្មភាពត្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ ដាង គ្រុយ ប្រាកដមែនមូលហេតុ ផឹកស៊ីទាស់ពាក្យសម្តីគ្នា៕