(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយឃាត់ និងរកឃើញមានកាំបិតកែច្នៃ១ដើម នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដកហូតម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០០០ គ្មានផ្លាកលេខ ចំនួន១គ្រឿង និងកាំបិតកែច្នៃដងរុំស្កុតពណ៌ខ្មៅ ប្រវែងចំនួន៧២សង់ទីម៉ែត្រ ចំនួន០១ដើម។

ក្មេងទំនើងទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ អាត អយ (ហេង) អាយុ១៩ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
*ទី២៖ ឈ្មោះ ហ្វា ម៉ូស្លីម អាយុ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាប, កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចខាងលើ បានប្រទះឃើញក្មេងទំនើងមួយក្រុម។ ដោយមានការសង្ស័យ, កម្លាំងបានឆែកឆេរ និងរកឃើញមានកាំបិតកែច្នៃចំនួន១ដើម ភ្លាមនោះកម្លាំងបានឃាត់ខ្លួនបានចំនួន២នាក់ ព្រមទាំងចាប់យកវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ក្រោយឃាត់ខ្លួន និងសួរចម្លើយ, ក្មេងទំនើងទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទុកកាំបិតដើម្បីការពារខ្លួនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបនេះ បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕