(ស្វាយរៀង)៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនចំនួន៣នាក់ ក្រោយដេញវាយ និងកាប់គ្នាយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​, កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានថា មានក្រុមក្មេងទំនើង៥នាក់ កំពុងធ្វើសកម្មភាពដេញវាយ និងកាប់នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៣នាក់ ព្រមទាំងដកហូតម៉ូតូមួយគ្រឿង។ ជនដៃដល់បានកាប់ជនរងគ្រោះ២នាក់ បណ្តាលឲ្យរបួសធ្ងន់ស្រាល។

នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការលើការអនុវត្តន៍ច្បាប់ឲ្យបានម៉ឺងម៉ាត់ ក្នុងការចាត់តាំងលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងនេះប្រកបដោយការ យកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់៕