(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤។ គណបក្សនយោបាយចំនួន៥ ចូលរួមការបោះឆ្នោតនេះ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ត្រូវធ្វើឡើងជាអសកល មិនចំពោះ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ អ្នកដែលមានសិទ្ធិបោះឆ្នោតនេះ មិនមែនជាប្រជាពលរដ្ឋទូទៅទេ ប៉ុន្តែគឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ ក្នុងអាណត្តិតែម្តង។

តើក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានសារសំខាន់ៗអ្វីខ្លះ ទើបត្រូវរៀបចំឱ្យមានការបោះឆ្នោតបែបនេះ?

ជាគោលការណ៍ច្បាប់, រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវមានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកលស្របតាមនីតិវិធីដែលកំណត់ ដោយច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលហៅកាត់ថា «ក្រុមប្រឹក្សា»។ ក្រុមប្រឹក្សានេះ មានអាណត្តិ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង ហើយអាណត្តិនោះ ត្រូវគិតចាប់ពីថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងផុតកំណត់នៅថ្ងៃបោះឆ្នោតបន្ទាប់។

ក្រុមប្រឹក្សានីមួយៗ ត្រូវមានប្រធានម្នាក់ ដោយប្រធានគឺជាបេក្ខជនដែលស្ថិតនៅលំដាប់លេខរៀងលើគេ នៃបញ្ជីបេក្ខជនដែលមានអាសនៈច្រើនជាងគេនៅក្នុងក្រុមប្រឹក្សា។ ក្នុងករណីដែលបញ្ជីបេក្ខជនមានអាសនៈស្មើគ្នានៅក្នុងក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សា ត្រូវជ្រើសរើសយកបេក្ខជន ដែលមានលេខរៀងលើគេនៃបញ្ជីបេក្ខជន ដែលមានសំឡេងឆ្នោតបានការច្រើនជាងគេ។

ចំនួនជាក់ស្តែងនៃសមាជិកក្រុមប្រឹក្សានីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលយ៉ាងតិច១២០ថ្ងៃ មុនពេលផុតកំណត់អាណត្តិរបស់ក្រុមប្រឹក្សា។ ក្នុងករណីគ្មានអនុក្រឹត្យចែងអំពីចំនួនសមាជិកក្រុមប្រឹក្សាអាណត្តិបន្ទាប់ទេនោះ ចំនួនសមាជិកសរុបរបស់ក្រុមប្រឹក្សា សម្រាប់ក្រុមប្រឹក្សានីមួយៗ ត្រូវយកតាមចំនួនសរុបចុងក្រោយ នៃក្រុមប្រឹក្សាអាណត្តិចាស់។

ក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើជាតំណាង និងធ្វើសកម្មភាពក្នុងនាមជាប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សានីមួយៗ ត្រូវបង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានាដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើតការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

ក្រុមប្រឹក្សា មានសិទ្ធិអំណាចធ្វើ សេចក្តីសម្រេចខាងបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិ។ សិទ្ធិពិសេសមួយទៀតរបស់ក្រុមប្រឹក្សា គឺធ្វើសំណើទៅរាជរដ្ឋាភិបាល ក្នុងការដកហូតតំណែងគណៈអភិបាល ឧទហរណ៍ដូចជា ក្រុមប្រឹក្សាខេត្ត មានសិទ្ធិស្នើដកអភិបាលខេត្ត ឬអភិបាលរងខេត្តជាដើម។ ក្រុមប្រឹក្សា ត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្តីសម្រេចនៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថាសេចក្តីសម្រេចនោះត្រូវបានអនុវត្ត។

ក្រុមប្រឹក្សា អាចប្រើប្រាស់សិទ្ធិអំណាចប្រតិបត្តិរបស់ខ្លួន ដោយធ្វើសេចក្តីសម្រេច នៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះ ប្រជាពលរដ្ឋទាំងអស់អំពីជម្រើសជាអាទិភាព ដើម្បីធ្វើសេចក្តីសម្រេចធានា បានការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ក្រុមប្រឹក្សាអាចធ្វើការអង្កេតលើករណីទាំងឡាយណា ដែលខ្លួនយល់ឃើញថាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋដែលខ្លួនជាតំណាង ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃ ការធ្វើអង្កេតនោះ រួចហើយត្រូវផ្តល់គោលការណ៍ណែនាំអនុវត្តដល់គណៈអភិបាលនិងអភិបាល។ រៀងរាល់កិច្ចប្រជុំរបស់ខ្លួន ក្រុមប្រឹក្សា ត្រូវធ្វើសេចក្តីសម្រេច ឬ ដីកាតាមការចាំបាច់ ទាក់ទិនទៅនឹង៖
* ការរៀបចំដើម្បីទទួលមុខងារ ភារកិច្ច និងធនធានថ្មី ស្របតាមច្បាប់នេះ
* មុខងារជាកាតព្វកិច្ចរបស់ក្រុមប្រឹក្សា
* មុខងារជាជម្រើសរបស់ក្រុមប្រឹក្សា
* កម្មវិធីវិនិយោគបី(៣)ឆ្នាំ រំកិលប្រចាំឆ្នាំ និងផែនការអភិវឌ្ឍរយៈពេលប្រាំ (៥)ឆ្នាំ រួមទាំងសមាសភាគនៃផែនការនោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ក្រុមប្រឹក្សារួមគ្នា ប្រភេទក្រុមប្រឹក្សាផ្សេងៗទៀត ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា
* គម្រោងថវិកាប្រចាំឆ្នាំ និងក្របខ័ណ្ឌចំណាយរយៈពេលមធ្យម
* បញ្ហាហិរញ្ញវត្ថុផ្សេងទៀត
* ការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និង ធនធាន រួមទាំង គណៈកម្មាធិការ អង្គភាព និងបុគ្គលិករបស់ក្រុមប្រឹក្សា
* ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិ
* ដំណើរការពិគ្រោះយោបល់ ជាមួយសាធារណជនក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា និងការផ្សព្វផ្សាយព័ត៌មាននានា ជូនប្រជាពលរដ្ឋ
* កិច្ចការផ្សេងៗទៀត ដែលកំណត់ដោយច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋាន ដែលបានធ្វើឡើងស្របតាមច្បាប់នេះ ។

ក្រុមប្រឹក្សាត្រូវរៀបចំ និងអនុម័តផែនការអភិវឌ្ឍរយៈពេលប្រាំ(៥)ឆ្នាំ ដែលត្រូវធ្វើ បច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ តាមការរៀបចំកម្មវិធីវិនិយោគបី(៣)ឆ្នាំរំកិលប្រចាំឆ្នាំ។ ក្នុងការរៀបចំ និងការអនុវត្តផែនការអភិវឌ្ឍ ក្រុមប្រឹក្សាត្រូវពិគ្រោះយោបល់ជាមួយ៖
* ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
* ប្រភេទក្រុមប្រឹក្សាផ្សេងទៀត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
* ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល
* អ្នកពាក់ព័ន្ធនានា។

ក្រុមប្រឹក្សាត្រូវរៀបចំផែនការអភិវឌ្ឍ ដែលរួមមាន៖
* ចក្ខុវិស័យរបស់ក្រុមប្រឹក្សា ដោយបង្ហាញពីគោលដៅ និងគោលបំណងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
* ការប៉ាន់ប្រមាណពីកម្រិតនៃការអភិវឌ្ឍដែលមានស្រាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការប៉ាន់ប្រមាណពីតម្រូវការអភិវឌ្ឍ សំខាន់ៗរួមមាន៖ តម្រូវការរបស់ក្រុមប្រឹក្សានៅក្នុងការរៀបចំទទួលយកនូវការ ផ្ទេរ មុខងារ ភារកិច្ច និងធនធានថ្មីៗ។ សេវា មធ្យោបាយ សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈជាមូលដ្ឋាន និងចាំបាច់នានា។ ការកាត់បន្ថយភាពក្រីក្រ។ តម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ក្រុមជនងាយរងគ្រោះ រួមទាំងជនក្រីក្រ ជនជាតិដើមភាគតិច។
* ក្របខ័ណ្ឌអភិវឌ្ឍដែលត្រូវចែងអំពីគោលការណ៍ណែនាំ ជាមូលដ្ឋានក្នុងការប្រើប្រាស់ និងគ្រប់គ្រង ការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិនៅតំបន់នោះ
* ផែនការ គ្រប់គ្រងគ្រោះមហន្តរាយ
* ផែនការហិរញ្ញវត្ថុ ដោយត្រូវរាប់បញ្ចូលទាំងផែនការអភិវឌ្ឍមូលធន ការគោងថវិកាសម្រាប់រយៈពេលដប់ពីរ (១២)ខែ ចាប់ពីពេលរៀបចំផែនការ និងសម្រាប់រយៈពេលបី (៣)ឆ្នាំ ចាប់ពីពេលរៀបចំផែនការ ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់យុទ្ធសាស្រ្តអនុវត្តផែនការអភិវឌ្ឍ ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យចំពោះប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
* សូចនាករបំពេញការងារ សំខាន់ៗ និងគោលដៅនានទាក់ទិន នឹងអាទិភាព និងទិសដៅអភិវឌ្ឍនីមួយៗ ដូចមានចែងក្នុងផែនការអភិវឌ្ឍក្រុមប្រឹក្សាត្រូវកំណត់ឲ្យដាច់ពីគ្នា នៅក្នុងផែនការអភិវឌ្ឍ និងថវិកានូវមុខងារជាជម្រើស និង មុខងារជាកាតព្វកិច្ច។

ក្រុមប្រឹក្សា ត្រូវតាមដាន និងវាយតម្លៃជារៀងរាល់ឆ្នាំទៅលើការអនុវត្តផែនការអភិវឌ្ឍរបស់ខ្លួន ដោយរាប់ទាំងផ្នែកផែនការអនុវត្តដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់៖
* ក្រុមប្រឹក្សាប្រភេទរួមគ្នា
* ប្រភេទក្រុមប្រឹក្សាផ្សេងៗទៀត
* ក្រសួង ស្ថានប័ន អង្គភាពនានារបស់រាជរដ្ឋាភិបាល
* អ្នកពាក់ព័ន្ធនានា។

ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងដែលផ្តោតលើតម្រូវការអភិវឌ្ឍសំខាន់ៗបំផុតរួមមាន៖
* តម្រូវការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំសម្រាប់ទទួលមុខងារភារកិច្ច និងធនធានថ្មីៗ
* សេវាមធ្យោបាយ សម្ភារៈ និងហេដ្ឋរចនាសម្ព័ន្ធសាធារណៈជាមូលដ្ឋាន និងចាំបាច់
* ការកាត់បន្ថយភាពក្រីក្រ
* តម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ និងកុមារ ក្រុមជនងាយរងគ្រោះដោយរួមបញ្ចូលទាំងជនក្រីក្រ ជនជាតិដើមភាគតិច។

ក្រុមប្រឹក្សាត្រូវចាត់ចែងកិច្ចការហិរញ្ញវត្ថុឱ្យមានតម្លាភាព និងមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន។

រាជធានី ខេត្ត ក្រុង ស្រុក ត្រូវមានថវិកាផ្ទាល់របស់ខ្លួន ដែលហៅកាត់ថា ជាថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។ ខណ្ឌ និងសង្កាត់ចំណុះរាជធានី ត្រូវមានថវិការបស់ខ្លួន នៅក្នុងថវិការបស់រាជធានី។ សង្កាត់ចំណុះក្រុង ត្រូវមានថវិការបស់ខ្លួននៅក្នុងថវិការបស់ក្រុង។

ក្រុមប្រឹក្សាត្រូវអនុម័តលើថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមនីតិវិធី និងប្រតិទិននៃការកសាងថវិការដ្ឋជារៀងរាល់ឆ្នាំ។ ក្រុមប្រឹក្សាត្រូវអនុម័តក្របខ័ណ្ឌចំណាយរយៈមធ្យម ហើយត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ៕