(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះពិនិត្យលើដំណើរការអនុវត្តការងារររបស់មន្រ្តីនៃក្រសួង ស.អ.យ និងមូលនិធិជាតិជំនួយសង្គម ដើម្បីកំណត់អត្តសញ្ញាណកម្មជនពិការតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងការចេញបណ្ណសំគាល់ជនមានពិការភាពដល់ជនមានពិការភាពដែលរស់នៅក្នុងក្រុងរុនតាឯក និងឃុំពាក់ស្នែង។

សូមបញ្ជាក់ផងដែរថា បណ្ណសម្គាល់ជនមានពិការភាព ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដូចជាការការចុះឈ្មោះ ទទួលផល ក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, អាទិភាពការងារនៅតាមស្ថាប័នរដ្ឋ និងវិស័យឯកជន, ការចតយាន្តជំនិះ, ការអនុគ្រោះបន្ថយតម្លៃ ឬមិនគិតថ្លៃលើការជិះរថយន្តសាធារណៈរបស់រដ្ឋ, ការទទួលសេវាស្តារដោយមិនគិតថ្លៃ, ការចូលរៀននៅតាមសកលវិទ្យាល័យ និងមជ្ឃមណ្ឌលអភិវឌ្ឍសង្គម, និងអត្ថប្រយោជន៍ជាច្រើនទៀត។

ជាមួយគ្នានេះដែរ ក្រុមការងារនៃមូលនិធិជាតិជំនួយសង្គម បានធ្វើការផ្សព្វផ្សាយពីគោលនយោបាយឧបត្ថម្ភ សម្រាប់គ្រួសារដែលមានបណ្ណសមធម៌ ជាពិសេសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរើទីតាំងមករស់នៅក្នុងតំបន់ក្រុងរុនតាឯក និងឃុំពាក់ស្នែង។

កន្លងមក ប្រជាជនដែលបានស្ម័គ្រចិត្តរើទីតាំងមកនេះ បានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីជាតិជំនួយសង្គម និងការឧបត្ថម្ភផ្សេងៗបន្ថែមទៀត។ ជាក់ស្តែង កម្មវិធីជាតិជំនួយសង្គមដែលទទួលបានរួមមាន៖ (១) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ (បានបញ្ចប់), (២) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, (៣) កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ (៤)កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ប្រជាជនផ្លាស់លំនៅឋានមករស់នៅក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង និង (៥) កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ៕