(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីហិង្សាទៅវិញទៅមក បង្កឡើងដោយក្មេងទំនើង២ក្រុម នៅចំណុចបឹងកក់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេាញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៣២៨៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សាបង្កឡើងដោយក្មេងទំនើង០២ក្រុម ក្នុងនោះមានជនត្រូវចោទមានខ្លួនចំនួន ០៣នាក់គឺ៖

ទី១. ឈ្មោះ ចុង ដេវីត ភេទប្រុស
ទី២. ឈ្មោះ ប៊ន ចិត្រា ភេទប្រុស
និង៣.ឈ្មោះ ញិល សុវិស័ក្ក ភេទប្រុស និងជនត្រូវចោទចំនួន ០៣ នាក់ ទៀត រួមជាមួយបក្សពួក កំពុងគេចខ្លួនត្រូវបានចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) ប្រព្រឹត្តនៅចំណុចផ្លូវមុន្នីវង្ស ភូមិ០៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្ដន្ទាទោសតាមមាត្រា២១៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីហិង្សានេះ បង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម ដោយក្រុមទី១ មានគ្នា១០នាក់ និងក្រុមទី២ មានគ្នា ០៥នាក់ បានជិះម៉ូតូឆាបគ្ន និងស្រុកឌឺដងដាក់គ្នាទៅវិញទៅមក បង្កជាជម្លោះជិះម៉ូតួដេញធាក់គ្នា គប់ដុំថ្មដាក់គ្នាទៅវិញទៅមក និងដេញតាមរហូតដល់ដួលម៉ូតូ ទើបបង្កឱ្យមានការប្រតាយប្រតប់វាយគ្នាទៅវិញទៅមក។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង ០៣នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕