(ភ្នំពេញ)៖ ការអប់រំពិតជាមានសារៈសំខាន់ណាស់សម្រាប់បណ្តុះគំនិតឱ្យមានភាពច្នៃប្រឌិតខ្ពស់ សម្រាប់លោកគ្រូអ្នកគ្រូក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាការបង្រៀនទៅដល់សិស្សានុសិស្សឱ្យពួកគេទទួលបាននូវអ្វីដែលថ្មីៗ ដើម្បីជួយដល់ពួកគេឱ្យក្លាយទៅជាកោសិកាមួយរបស់សង្គមជាតិកាន់តែមានការរីកចម្រើន។ ជាមួយនឹងការលើកកម្ពស់ការអប់រំនេះផងដែរក្រុមហ៊ុន DTP EDUCATION SOLUTIONS CAMBODIA តែងតែបានរៀបចំសិក្ខាសាលាជាមួយនឹងការអញ្ជើញអ្នកជំនាញផ្នែកអប់រំមកពីក្រៅប្រទេស មកចែករំលែកចំណេះដឹងដល់គ្រូបង្រៀននៅកម្ពុជាទាំងសាលារដ្ឋ និងឯកជន។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះក្រុមហ៊ុន DTP EDUCATION SOLUTIONS CAMBODIA ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការអប់រំ ដោយផ្តល់នូវសម្ភារៈលើការបង្រៀន និងរៀន ដែលស្របតាមសតវត្សទី២១ និងមានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ បានអញ្ជើញអ្នកជំនាញផ្នែកអប់រំ និងបណ្តុះបណ្តាលគ្រូមកប្រទេសអូស្ត្រាលី និងប្រទេសចិន ដើម្បីចែករំលែកការបង្រៀនភាសាអង់គ្លេស និងភាសាចិន តាមបែបសតវត្សទី២១ ដល់គ្រូបង្រៀននៅកម្ពុជាប្រមាណជិត ៣០០នាក់។

សិក្ខាសាលានេះបានធ្វើឡើងនៅអគារ GIA Tower កោះពេជ្រ ក្រោមវត្តមានលោក ទូច ពុទ្ធី អគ្គនាយកក្រុមហ៊ុនអន្តរជាតិ DTP Education Solution Cambodia ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី និងមានការចូលរួមពីលោក TODD CORDY អ្នកជំនាញផ្នែកអប់រំនិងបណ្តុះបណ្តាលភាសាអង់គ្លេស និងលោកស្រី ELICE CHANDRA អ្នកជំនាញផ្នែកអប់រំនិងបណ្តុះបណ្តាលភាសាចិន។

លោក ទូច ពុទ្ធី បានបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះដើម្បីចែករំលែកចំណេះដឹងជូនដល់លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន ទាំងសាលារដ្ឋ និងឯកជន ទៅបន្តធ្វើការជាមួយសិស្សានុសិស្សរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀត ការបង្រៀនដែលល្អនឹងអាចជួយដល់កូនសិស្សទទួលបានចំណេះដឹងកាន់តែច្រើន ដើម្បីឱ្យធ្វើឱ្យពួកគេក្លាយជាចំណែកមួយនៃកោសិការបស់សង្គម និងជួយឱ្យសង្គមជាតិកាន់តែមានការរីកចម្រើនឡើង។

លោក ទូច ពុទ្ធី បានឱ្យដឹងទៀតថា ការរៀន និងបង្រៀន តាមបែបសតវត្សទី២១នេះ ពិតជាមានសារៈសំខាន់ណាស់ដល់សិស្សានុសិស្ស ដើម្បីធ្វើឱ្យពួកគេអាចរៀនដោយមានការគិតបែបពិចារណា ចេះសហការគ្នាដើម្បីបានសម្រេចលើកិច្ចការណាមួយ មានគំនិតឆ្នៃប្រឌិត ចេះស្រាវជ្រាវ និងទំនាក់ទំនងតាមបែបបច្ចេកវិទ្យាជួយសិស្សានិសិស្សមានការរីកចម្រើនបានឆាប់រហ័ស។

លោក ទូច ពុទ្ធី បានបន្ថែមទៀតថា តាមរយៈសិក្ខាសាលានេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយដល់លោកគ្រូ អ្នកគ្រូ ឱ្យទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាការចែករំលែកចំណេះដឹងទៅវិញទៅមក ដើម្បីរិះរកនូវវិធីសាស្ត្រដែលល្អៗក្នុងការយកទៅបង្រៀនកូនសិស្សរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ៕