(ភ្នំពេញ)៖ ផ្អែកលេីយុទ្ធសាស្រ្តពង្រឹងចាស់ និងពង្រីកថ្មីកាលពីព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៤នេះ នៅទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាវិមាន៧មករា ផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សថ្នាក់កណ្តាល ដែលជាតួអង្គដ៏សំខាន់ក្នុងការរៀបចំយុទ្ធសាស្រ្តកសាងកម្លាំងយុវជន បានរៀបចំពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមជំនួយការបំពេញបន្ថែមថ្មីសរុប២១៨ នាក់ ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល។

តាមរយៈមតិស្វាគមន៍ និងរបាយការណ៍របស់ លោក ពៅ ប៉ូលីណែល សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកផែនការយុទ្ធសាស្រ្ត កម្មវិធីនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណងសំខាន់ដេីម្បីពង្រឹង និងពង្រីកការងារកសាងបក្សក្នុងជួរយុវជន តាមរយៈការ ស្វែងយល់អំពីតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់យុវជនគណបក្ស ស្តាប់របាយការណ៍អំពីសកម្មភាព និងលទ្ធផលការងារ ព្រមទាំងតម្រង់ទិសដៅការងារគន្លឹះសម្រាប់ត្រៀមខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខ និងធានាបាននូវឯកភាពផ្ទៃក្នុងគណបក្សខ្ពស់ តាមរយៈការពង្រឹងនូវចំណងទំនាក់ទំនងដ៏រឹង មាំរវាងថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល និងមន្រ្តីយុវជនគណបក្សនៅថ្នាក់ក្រោម។

ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការផ្តាំផ្ញេីរសួរសុខទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់សមាជិកសមាជិកា នៃអង្គពិធី ព្រមទាំងបានលេីកឡេីងពីតួនាទីដែលមិនកាត់ផ្តាច់បានរបស់គណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីថ្ងៃបង្កេីត ថ្ងៃ២៨ ខែមិថុនា ឆ្នាំ១៩៥១ រហូលដល់ពេលបច្ចុប្បន្ន។

ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននាពេលកន្លងមករបស់ផ្នែកផែនការយុទ្ធសាស្រ្ត លោកបានសង្កត់ធ្ងន់នូវភារកិច្ចសំខាន់ៗចំពោះមុខមួយចំនួនដែលផ្នែកផែនការយុទ្ធសាស្រ្តចាំបាច់ត្រូវអនុវត្តបន្ត រួមមាន ៖ សិក្សា ស្រាវជ្រាវ និងរៀបចំនូវវិធីសាស្រ្តក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស និងការរៀបចំនូវឯកសារជំនួយស្មារតីសម្រាប់បកស្រាយចំពោះការរិះគន់មួលបង្កាច់គ្មានមូលដ្ឋានច្បាស់លាស់របស់ក្រុមអមិត្ត មកលេីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ជាចុងបញ្ចប់ លោកបណ្ឌិតអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែក ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំចិត្ត ប្រជ្ញាស្មារតី និងធនធានហិរញ្ញវត្ថុក្នុងការជួយយុវជនគណបក្សថ្នាក់កណ្តាល ឲ្យសម្រេចបាននូវបេសកកម្មដែលគណបក្សប្រគល់ជូន៕