(ឧត្តរមានជ័យ)៖ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ម្នាក់ រស់នៅភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឃាតកចាក់សម្លាប់ជាច្រើនកាំបិត ដើម្បីប្លន់យកទ្រព្យសម្បត្តិមានតម្លៃ នាវេលាទាបភ្លឺថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ។

សមត្ថកិច្ចក្រុងសំរោង បានថ្លែងថា ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មានឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ។

តាមការសន្និដ្ឋានមុនធ្វើសកម្មភាព ឃាតកបានធ្វើការគាស់ទ្វារកញ្ចក់បន្ទប់ខាងមុខការិយាល័យ ហើយក៏ឆ្លងតាមបង្អួចចូលទៅក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ទើបធ្វើការចាក់ទៅលើជនរងគ្រោះដោយដែកមុតស្រួចចំណុចត្រង់ក និងចុងដង្ហើមខាងមុខចំនួនពីរកាំបិត និងចាក់ខាងក្រោយកញ្ចឹងកចំនួនពីរកាំបិត ព្រមទាំងវាយក្បាលយ៉ាងដំណំ ហើយបានប្រមូលយកវត្ថុមានតម្លៃរួមមាន ខ្សែកមាស ទម្ងន់៥ដំឡឹង៥ជីមួយខ្សែ, ចិញ្ចៀនមាសទម្ងន់១ដំឡឹង៥ជីមួយវង់, ទូរស័ព្ទ អាយហ្វូន១គ្រឿង និងអិនចុចពិលមួយគ្រឿង ព្រមទាំងលុយក្នុងកាបូបមួយចំនួន។

ក្រោយធ្វើសកម្មភាពរួច ជនសង័្សយជាឃាតកឃាមស្រស់ បានបើករថយន្តរបស់ជនរងគ្រោះម៉ាក់ តូយូតា CROSS ពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ2C-1112 យកមកចតចោលនៅចំណុចភូមិឈូក ម្ដុំភោជនីយដ្ឋានសាច់អាំងទឹកកាពិ ស្ថិតក្នុងក្រុងសំរោង ហើយគេចខ្លួនដោយសុវត្ថិភាព។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអះអាងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕