(ភ្នំពេញ)៖ នាវេលាម៉ោង ២០៖៥០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាល ចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។

ការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧នេះ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។នេះបើតាមការបញ្ជាក់របស់លោក ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា «ក្នុងអំឡុងចូលរួមមហាសន្និបាតសុខាភិបាលពិភពលោកនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា នឹងអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ទៅកាន់មហាសន្និបាត ដែលមានប្រទេសជាសមាជិកចំនួន ១៩៤ ចូលរួម ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីសុខភាព, សុខភាពសម្រាប់ទាំងអស់ (All for Health, Health for All )» ។

អំឡុងពេលនោះដែរ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា នឹងមានជំនួបជាមួយសមភាគីជាដៃគូអភិវឌ្ឍ ឬដៃគូសហប្រតិបត្ដិការអន្ដរជាតិ មួយចំនួន ដូចជា៖ ទទួលជួបជាមួយអគ្គនាយកអង្គការសុខភាពពិពភលោក, ជំនួបទ្វេភាគីជាមួយលោកនាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច, ការទទួលទានអាហារថ្ងៃត្រង់លក្ខណៈមិត្ដភាព ដែលរៀបចំដោយលោកនាយកអង្គការពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច ជាមួយសមាជិកនៃបណ្ដាប្រទេសអាស៊ានទាំង៧ ​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច រួមមាន៖ ប្រទេសប្រ៊ុយណេ កម្ពុជា សាធារណរដ្ឋប្រជាមានិតឡាវ ម៉ាឡេស៊ី ហ្វីលីពិន សិង្ហបុរី និងសាធារណរដ្ឋនិយមវៀតណាម។

លោក ស៊ុង វិនតៈ បានឱ្យដឹងថាទៀត «ក្នុងអំឡុងចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ឈាង រ៉ា នឹងទទួលជួបពិភាក្សាការងារជាមួយទីភ្នាក់ងារថាមពលអាតូមិចអន្ដរជាតិ ហៅកាត់ថា (IAEA) និងមជ្ឈមណ្ឌលជំងឺមហារីក ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្ដិការ ក្នុងការផ្ដល់នូវសេវាពិនិត្យព្យាបាលថែទាំជំងឺមហារីកនៅកម្ពុជា។ លើសពីនេះទៀត អំឡុងនៃការចូលរួមមហាសន្និបាតនេះ គណៈប្រតិភូរបស់ក្រសួងសុខាភិបាល នឹងចូលរួមនៅក្នុងកិច្ចប្រជុំ ដែលហៅថាព្រឹត្ដិការណ៍អមនៃមហាសន្និបាតនេះជាច្រើនថែមទៀតផងដែរ»។

សូមជម្រាបជូនថា មហាសន្និបាតសុខភាពពិភពលោក គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាប្រទេសជាសមាជិកនៃអង្គការសុខភាពពិភពលោក ១៩៤ប្រទេស ដើម្បីពិនិត្យទៅលើវឌ្ឍនៈភាពនៃការងារសុខាភិបាលរបស់ប្រទេសនីមួយៗ ក៏ដូចជាការងារសុខាភិបាលអន្ដរជាតិទាំងមូល ពិសេសការស្វែងរកកត្ដាប្រឈមនានា និងរួមគ្នាដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសុខភាព និងសុខុមាលរបស់ប្រជាជនទូទំាងពិភពលោក៕