(សៀមរាប)៖ លោកនឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ជាការបោះឆ្នោតបែបអសកលដែលមាននិតិវិធីខុសគ្នាខ្លះៗទៅនឹងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ដែលមានន័យថាកាបោះឆ្នោតសកលប្រជាពលរដ្ឋទូទៅដែលគ្រប់អាយុ និងមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអាចចូលរួមបោះឆ្នោតបាន ។

លោកបានបន្តឱ្យដឹងថា៖ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ឋសភា គឺអង្គបោះឆ្នោត មានតែសមាជិក សមាជិការដ្ឋសភាឬតំណាងរាស្ត្រ និងសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងមុខដំណែង ទើបអាចបោះឆ្នោតបាន។ ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត រាជធានី ដែលអង្គបោះឆ្នោតសុទ្ឋតែជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងមុខតំណែង។
ការបោះឆ្នោតនេះដែរខុសគ្នាទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬបើឆ្នោតជ្រើសរើសសមាជិព្រឹទ្ឋសភា គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ប្រើហិបឆ្នោត២និងសន្លឹកឆ្នោតពីរខុសគ្នាដែលក្នុងនោះហិបឆ្នោតមួយ សម្រាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខ័ណ្ឌស្រុកក្រុង និងហិបមួយទៀតសម្រាប់ក្រុមប្រឹក្សារាជធានី-ខេត្ត តែអង្គបោះស្ថិតនៅក្នុងបន្ទប់និងមណ្ឌលដដែលទេ។ ចំណែកការរាប់សន្លឹកឆ្នោតក៏រាប់សន្លឹកឆ្នោតក្រុមប្រឹក្សាក្រុងស្រុកនិងវិចខ្ចប់តាមនិតិវិធ រួចទើបបានរាប់សន្លឹកឆ្នោតក្រុមប្រឹក្សាខេត្ត-រាជធានី ពោលគឺអនុវត្តតាមនិតិវិធីដាច់ដោយឡែកពីគ្នា។

លោក នឹម វ៉ាន់សំ បានបង្ហាញនូវតួលេខបេក្ខជនឈរឈ្មោះនិងអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុក-ក្រុង និងក្រុមប្រឹក្សាខេត្ដសៀមរាប សម្រាប់អាណត្ដិទី៤ក្នុងឆ្នាំ២០២៤នេះថា៖ខេត្តសៀមរាប មានបេក្ខជនឈរឈ្មោះទាំងបំរុងនិងពេញសិទ្ឋចំនួន២២៤៣នាក់ក្នុងនោះពេញសិទ្ឋិ១១០៦នាក់ មានការិយាល័យបោះឆ្នោតចំនួន១៣កន្លែងនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្ត(ក្នុងនោះមានទីក្រុងថ្មីមួយទៀតគឺទីក្រុងរុនតាឯកតេជោសែន) មានអង្គបោះឆ្នោតឬអ្នកបោះឆ្នោតចំនួន៦៦៨នាក់។ គណបក្សនយោបាយចំនួន០៥គណបក្សឈរឈ្មោះ រួមមាន គណៈបក្សខ្មែររួបរួមជាតិ គណៈបក្សឆន្ទៈខ្មែរ គណៈបក្សហ្វុនស៊ីនប៉ិច គណៈបក្សកម្លាំងជាតិ និង បក្សគណបក្សប្រជាជនកម្ពុជា មានអ្នកសង្កេតការបោះឆ្នោតមានចំនួន១៩៨នាក់ ក្នុងនោះមកពីគបក្សនយោបាយចំនួន៩៦នាក់ និងមកពីសមាគមចំនួន៥ មានចំនួន១០២នាក់។

ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយក្នុងដំណើរការនៃការបោះឆ្នោត លោកនឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានអំណាវនាវដល់បេក្ខជនដែលមានឈ្មោះបោះឆ្នោតត្រូវគោរពទៅតាមនិតិវិធីនៃការបោះឆ្នោតនិងអនុវត្ត តាមការបង្ហាញប្រាប់របស់មន្ត្រីរៀបចំការបោះឆ្នោតដែលកំពុងបំពេញភារកិច្ចនៅតាមមណ្ឌល និងហាមមិនឱ្យប្រើប្រាស់ទូរស័ព្ទនិងម៉ាស៊ីនថតគ្រប់ប្រភេទ ដើម្បីថតរូប ថតវីដេអូ នៅពេលកំពុងបោះឆ្នោត ៕