(ព្រៃវែង)៖ នៅទូទាំងខេត្តព្រៃវែង ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៤ ចាប់តាំងពីម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងតំណែង ដែលអង្គបោះឆ្នោតបានមកចូលរួមបោះឆ្នោតនៅតាមមណ្ឌល និងការិយាល័យទាំង១៣ស្រុក-ក្រុងជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សម្រាប់ខេត្តព្រៃវែងវិញមាន១៣ក្រុង-ស្រុក និង១១៦ឃុំ-សង្កាត់ មានមណ្ឌលនិងការិយាល័យចំនួន១៣ក្រុង-ស្រុក គណបក្សនយោបាយមានចំនួន៥ រួមមាន៖ ១.គណបក្សប្រជាជាកម្ពុជា ២.គណបក្សឆន្ទៈខ្មែរ ៣.គណបក្សកម្លាំងជាតិ ៤.គណបក្សហ៊្វុនស៊ិនប៉ិច ៥.គណបក្សខ្មែររូបរួមជាតិ។ ជាមួយគ្នានេះ អាសនៈក្រុមប្រឹក្សាខេត្តព្រៃវែងចំនួន២៧ និងអាសនៈក្រុមប្រឹក្សាក្រុង-ស្រុក២៤៩។

ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌលនិងការិយាល័យទាំង១៣ស្រុក-ក្រុង នៅខេត្តព្រៃវែងមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ៕