(ព្រះសីហនុ)៖ ដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៣៖២០នាទីយប់ កម្លាំងផ្នែកព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត ចុះល្បាតតាមភូមិសាស្រ្តនានា មកដល់ចំណុចភ្លើងស្តុបផ្លូវលេខ៥០២ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ប្រទះឃើញក្រុមក្មេងទំនើងមួយក្រុម កំពុងជួបជុំគ្នា ស្ថិតក្នុងការសង្ស័យក៏បានចុះឆែកភ្លាមៗ។

ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញការឆែកឆេរ រកឃើញមានកាំបិតបុ័ងតោចំនួន ១ដើម និងសួរនាំតាមជំនាញ ក៏ប្រទះឃើញសារមួយ ដែលពួកគេបានណាត់ជួបវាយគ្នា ក្រោយឃើញសារនេះហើយកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង១៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ រហូតឈានដល់ឃាត់ខ្លួន បានក្មេងទំនើងចំនួន ៨នាក់យកមកសួរនាំ។

ចំណែកវត្ថុតាងដកហូតរួមមាន៖ កាំបិតបុ័ងតោ ១ដើម ម៉ូតូចំនួន៣គ្រឿង ម៉ាក Honda Dream និងម៉ាក Nex ពណ៌ស ចំនួន២ គ្រឿង។

បច្ចុប្បន្នជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំបន្តតាមនីតិវិធីច្បាប់៕