(មណ្ឌលគិរី)៖ ក្មេងទំនើង២នាក់ ដែលបានយកដាវកាប់ទៅលើជនរងគ្រោះ នៅចំណុចបង្គោលអង់តែនវិទ្យុបាយ័ន ស្ថិតនៅភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែឧសភា ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការហើយ នៅថ្ងៃទី២៦ ខែឧសភានេះ។

សេចក្តីប្រកាសរបស់ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្រោយពីការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យចំនួន០២ (ពីរ) នាក់ និងពិនិត្យភស្តុតាងនានាមាននៅក្នុងសំណុំរឿង ព្រមទាំងវត្ថុចាប់យក តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យទាំងពីរពីបទ៖ ហិង្សាដោយចេតនាមានស្ថានទោសដោយប្រើប្រាស់អាវុធ (ដាវ) ដែលជាបទល្មើស ព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមមាត្រា២១៨ កថាខណ្ឌទី១ ចំណុច២ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យទាំង២នាក់ដែលជាក្មេងទំនើងនោះ មានឈ្មោះ សុខ សំណាង និង ឈ្មោះ ងា ពិសិដ្ឋ ហៅងារ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុម រមនារបស់ប្រជាពលរដ្ឋ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានកំពុងបន្តអនុវត្តច្បាប់ដោយតឹងរឹង និងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវ៕