(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបន្ដសហការជាមួយផ្សារទំនើបអ៉ីអន៣ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកការធ្វើលំហាត់សមយុទ្ធពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ក្រៅពីមន្ដ្រីនគរបាលជំនាញរបស់នាយកដ្ឋាន ក៏មានការចូលរួមពីបុគ្គលិករបស់ផ្សារទំនើបអ៉ីអន៣ ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន អនុប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានលើកឡើងថា ការធ្វើសមយុទ្ធរួមគ្នានៅពេលនេះ ដើម្បីឲ្យមន្ដ្រីនគរបាលជំនាញមានឱកាសពន្យល់អំពីការងារបច្ចេកទេសមួយចំនួន ដល់បុគ្គលិករបស់ផ្សារទំនើបអ៉ីអន៣ ឲ្យមានភាពច្បាស់ការ និងចូលរួមបង្ការ ទប់ស្កាត់ ពិសេសសង្គ្រោះបឋមនៅពេលមានគ្រោះអគ្គិភ័យកើតឡើង។

លោកឧត្តមសេនីយ៍ត្រី សេក ធឿន បានអះអាងថា ដោយអនុវត្តតាមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពិសេសលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ មន្ដ្រីនគរបាលជំនាញតែងតែផ្ដល់នូវកិច្ចសហការល្អជាមួយបណ្ដាគ្រឹះស្ថាន សហគ្រាស ពិសេសទីផ្សារធំៗ ដើម្បីជួយបណ្ដុះបណ្ដាលដល់បុគ្គលិកអំពីវិធានការបង្ការ និងការសង្គ្រោះបឋមនេះ។

លោកបានយល់ឃើញថា កន្លងទៅរហូតមកដល់ពេលនេះ ផ្សារទំនើបអ៉ីអន តែងតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវកិច្ចសហការជាមួយនាយកដ្ឋានជំនាញ ហើយក៏តែងតែធ្វើសមយុទ្ធរួមគ្នាជាទៀងទាត់នៅគ្រប់សាខាទាំង៣នៃផ្សារទំនើបអ៉ីអន។ លោកចាត់ទុកថា នេះជាគំរូមួយដែលម្ចាស់ទីតាំងដ៏ទៃទៀត គួរអនុវត្តតាម ជាពិសេសគោរពទៅតាមបទដ្ឋានគតិយុត្តិជាធរមាន។

ជាមួយគ្នានេះ លោក ជូ សុវណ្ណារ៉ា អ្នកគ្រប់គ្រងទូទៅ នៃផ្សារទំនើបអ៉ីអន៣ បានលើកឡើងថា ផ្សារទំនើបអ៉ីអន៣ តែងស្នើសុំកិច្ចសហការពីនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីឲ្យបុគ្គលិកបានស្គាល់កាន់តែច្បាស់ និងត្រៀមខ្លួនក្នុងការបង្ការ និងសង្គ្រោះអគ្គិភ័យ។ លើសពីនេះ ដើម្បីឲ្យមន្ដ្រីនគរបាលរបស់នាយកដ្ឋានជំនាញ បានស្គាល់ច្បាស់អំពីទីតាំងប្រទាក់ក្រឡាគ្នា នៃបណ្ដាញទុយោទឹករបស់ផ្សារ។

លោកបានបន្ដថា ការស្នើសុំកិច្ចសហការធ្វើសមយុទ្ធនេះ ក៏ដើម្បីឲ្យបុគ្គលិករបស់ផ្សារទាំងអស់មានចំណេះដឹងបន្ថែម និងពង្រឹងស្មារតីឲ្យបានល្អ ក្នុងករណីមានអគ្គិភ័យកើតឡើង ងាយស្រួលក្នុងការគ្រប់គ្រង និងរាយការណ៍សុំជំនួយអន្ដរាគមន៍។ លោកបន្ថែមទៀតថា គ្រប់ផ្សារទំនើបអ៉ីអនទាំងអស់ ពិសេសអ៉ីអនមានជ័យ (អ៉ីអន៣) នៅតែបន្ដសហការជាមួយនាយកដ្ឋានជំនាញ ដើម្បីពង្រឹងសមត្ថភាពដល់បុគ្គល។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ជិត៥ខែ ដើមឆ្នាំ២០២៤ គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានចំនួន៣៣៧/២៥៤លើក កើនឡើងចំនួន៨៣លើក ប្រៀបធៀបរយៈពេល១៤៤ថ្ងៃ (ជិត៥ខែ) ដើមឆ្នាំ២០២៣។

ក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្លាប់មនុស្ស ចំនួន២៣នាក់, ស្រី៤នាក់ និងរងរបួសមនុស្ស ចំនួន៣៦នាក់, ស្រី៣នាក់។ ខូចខាតឆេះផ្ទះចំនួន ២៤៣/២២៨ខ្នង, រោងចក្រ ៦/១អគារ, បន្ទប់៣៧/៤៩បន្ទប់, រថយន្ត ២២/៣៤គ្រឿង និងឃ្លាំង១៨/១០ឃ្លាំង។ មូលហេតុ ដោយសារឆ្លងចរន្តអគ្គិសនី ៣៥,១៨%, ការធ្វេសប្រហែសក្នុងការប្រើប្រាស់ភ្លើង ២៩,៣៩% និងក្ដាប់ពុំបាន១២,០៥%៕